(វ៉ាស៊ីនតោន)៖ រូបថតផ្កាយរណបជាច្រើនសន្លឹកចេញផ្សាយដោយវិទ្យាស្ថានស្រាវជា្រវមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញពីសកម្មភាពកម្រិតខ្ពស់មួយនៅឯទីតាំងនុយក្លេអ៊ែរ ដ៏សំខាន់មួយ របស់កូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

វិទ្យាស្ថាន 38 North ដែលតាមដានពីកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសោរ៍ ទី១ ខែមេសា ទៀតថាសកម្មភាពខាងលើត្រូវបានប្រទះឃើញ ដោយផ្អែករូបថត ផ្កាយរណបជាច្រើនសន្លឹកដែលត្រូវបានផ្ដិតយកចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅនៅឯរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ស្ថិតនៅទីតាំងនុយក្លេអ៊ែរ យ៉ុងប៊ីយុន (Yongbyon) ហើយមើលទៅរ៉េអាក់ទ័រនេះ ជិតដាក់ឱ្យប្រតិបត្តិការហើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ ទីក្រុងព្យុងយ៉ាង បាន សម្ញែងក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចថ្មីមួយ ចំពោះមុខការព្រមានពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ គ្រប់ពេលវេលា៕