(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដែលបានវាយប្រហារលើទីក្រុងជាច្រើន ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង និង Midwestern បានកើនដល់ ២១នាក់ ហើយរី ឯរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

ខ្យល់ព្យុះដ៏ខ្លាំងក្លាបានវាយប្រហារលើរដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ (ម៉ោងនៅអាមេរិក) ដោយបង្កការខូចខាតដល់ផ្ទះ ហាងទំនិញ និងធ្វើឱ្យដើមឈើជាច្រើនដួលរលំ ខណៈ មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ជាបណ្ដោះអាសន្ន។ បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងចំណោមអ្នកស្លាប់ទាំង២១នាក់ខាងលើ មាន៧នាក់ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Tennessee ៥នាក់ នៅក្នុងរដ្ឋ Arkansas និង ៤នាក់ នៅក្នុងរដ្ឋ Illinois។ ចំណែកឯ អ្នកបាត់បង់ជីវិតផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ដែរនៅក្នុងរដ្ឋ Indiana, Alabama និងរដ្ឋ Mississippi។

គួរបញ្ជាក់ថា នៅក្នុងរដ្ឋ Alabama កងកម្លាំងឆ្មាំជាតិ ១០០នាក់ ត្រូវបានបញ្ជូនឱ្យជួយអាជ្ញាធរនៅក្នុងតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ប្រជាជនរងគ្រោះ ហើយប្រតិបត្តិការសម្អាត និងស្ដារការខូចខាតឡើងវិញកំពុងចាប់ផ្ដើមហើយ៕