(បែរឡាំង)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក បូរីស ពីទូរូស (Boris Pistorius) បាននិយាយថា យោធារបស់អាល្លឺម៉ង់មិនអាចបំពេញគម្លាតសមត្ថភាពដែលមានស្រាប់របស់ខ្លួនបានទាំងស្រុងនៅឆ្នាំ២០៣០នោះទេ ខណៈដែលទីក្រុងបែរឡាំងស្វែងរកការកែលម្អកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការធ្វេសប្រហែសរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

លោក ពីទូរូស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Welt am Sonntag ដែលចេញផ្សាយនៅថ្ងៃសៅរ៍នេះថា «យើងទាំងអស់គ្នាដឹងថា គម្លាតសមត្ថភាពយោធាដែលមានស្រាប់មិនអាចបំពេញបានទាំងស្រុងនៅឆ្នាំ២០៣០នោះទេ ដោយវានឹងត្រូវចំណាយពេលច្រើនឆ្នាំ។ អាល្លឺម៉ង់ក៏កំពុងរៀបចំផែនការបេសកកម្មកងទ័ពជើងទឹកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំ២០២៤ ហើយកំពុងពង្រឹងភាពជាដៃគូជាមួយប្រទេសសំខាន់ៗនៅក្នុងតំបន់ដូចជា ជប៉ុន អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងសិង្ហបុរី»

ជុំវិញការផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន លោក ពីទូរូស បានគូសបញ្ជាក់ថា «និយាយដោយត្រង់ៗទៅ ដូចជាប្រទេសដទៃទៀតដែរ អាវុធរបស់យើងមានដែនកំណត់។ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ខ្ញុំមិនអាចលះបង់អ្វីៗទាំងអស់បានទេ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការដួលរលំនៃការវិនិយោគអស់ជាច្រើនទស្សវត្សចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ កើនតែធ្លាក់ចុះដោយសារតែការបរិច្ចាគអាវុធ និងគ្រាប់បែកទៅអ៊ុយក្រែន ភាគច្រើនមិនទាន់ត្រូវបានបំពេញឡើងវិញនោះទេ។ រដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានតែងតាំងកាលពីដើមឆ្នាំ២០២៣ និយាយថាការបង្កើនថវិកាការពារជាតិដើម្បីឈានដល់គោលដៅចំណាយរបស់អង្គការណាតូចំនួន ២ភាគរយនៃ GDP គឺជាអាទិភាពខ្ពស់បំផុតរបស់លោក៕