(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីបាននិយាយថា ខ្យល់ព្យុះកំបុតត្បូងដ៏កាចសាហាវមួយបានបោកបក់កាត់ទីក្រុងលីតថល រ៉ក់ (Little Rock) រដ្ឋអាកាន់សាស់ (Arkansas) និងទីក្រុងក្បែរនោះ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ហើយបំផ្លាញដំបូល ជញ្ជាំងអគារជាច្រើន ក្រឡាប់រថយន្ត បាក់រលំដើមឈើ និងខ្សែបណ្តាញអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

ប៉ុន្មានម៉ោងក្រោយមក ខ្យល់ព្យុះកំបុតត្បូងផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានបោកបក់លើសាលសិល្បៈមួយនៅឯភាគខាងជើងរដ្ឋអ៉ីលលីណយ (Illinois) បណ្តាលឲ្យបាក់រលំពិដាន ខណៈក្រុមតន្រ្តីរ៉ុកកំពុងសម្តែងនៅលើឆាក។ មនុស្សម្នាក់បានស្លាប់ និង ២៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ មានមនុស្សប្រហែល ២៦០នាក់បានចូលរួមក្នុងការប្រគុំតន្ត្រីនេះ។

អភិបាលរដ្ឋ Arkansas លោកស្រី សារ៉ា ហ៊ូកាប៊ី សាន់ដឺ (Sarah Huckabee Sanders) បានប្រាប់សន្និសីទសារព័ត៌មាថា ខ្យល់ព្យុះកំបុតត្បូងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២នាក់ ដែលម្នាក់ទៀតនៅក្នុងទីក្រុងវីននី (Wynne) ចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Little Rock។

គួរបញ្ជាក់ថា ខ្យល់ព្យុះនៅរដ្ឋ Arkansas និងរដ្ឋ Illinois គឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំក្នុងនិទាឃរដូវ នៅសហរដ្ឋអាមេរិក។ អាកាសធាតុដ៏ច្របូកច្របល់នេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីព្យុះផ្គររន្ទះទើបនឹងបាបំផ្លិចបំផ្លាញទីក្រុងរ៉ូលីង ហ្វក (Rolling Fork) នៃរដ្ឋមីសស៉ីស៉ីបពី (Mississippi) ដោយបំផ្លាញផ្ទះចំនួន ៤០០ខ្នងរបស់សហគមន៍ជាច្រើន និងសម្លាប់មនុស្សចំនួន ២៦នាក់៕