(រ៉ូម)៖ នៅថ្ងៃសៅរ៍នេះ សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស បានយាងចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទ្រង់បានចំណាយពេលអស់ប៉ុន្មានថ្ងៃនៅទីនោះ ដើម្បីទទួលការព្យាបាលជំងឺរលាកទងសួត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

«ខ្ញុំមិនបានភ័យខ្លាចអ្វីឡើយ ហើយខ្ញុំនៅមានជីវិតនៅឡើយទេ»។ នេះជាបន្ទូលរបស់សម្តេចប៉ាប ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងលក្ខណៈលេងសើច មុនពេលទ្រង់យាងឡើងរថយន្តចាកចេញពីមន្ទីរពេទ្យ។ សម្តេចប៉ាប ត្រូវបាគេនបញ្ជូនទៅកាន់មន្ទីរពេទ្យ ហ្គេមែលលី (Gemelli) នៃទីក្រុងរ៉ូម កាលពី៣ថ្ងៃមុន ក្រោយត្អូញត្អែរថាទ្រង់ពិបាកក្នុងការដកដង្ហើម។ បើតាមក្រុមវេជ្ជបណ្ឌិត សម្តេចបានឆ្លើយតបយ៉ាងល្អប្រសើរ ចំពោះវិធីសាស្រ្តព្យាបាល ក្នុងពេលប៉ុន្មានថ្ងៃសម្រាកនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលបច្ចុប្បន្នមានព្រះជន្មាយុ៨៦ព្រះវស្សា ហើយតែបានប្រារព្ធគម្រប់ខួប១០ឆ្នាំ នៃការកាន់តំណែង​ជាប្រមុខបុរីវ៉ាទីកង់របស់ទ្រង់ កាលពីខែមីនា គឺធ្លាប់ប្រឈួនជាច្រើនលើកដែរមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ​បុរីវ៉ាទីកង់បានឱ្យដឹងថា សម្តេចប៉ាបក៏នឹងយាងចូលរួមពិធីសាសនាមួយ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរ៕