Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអនុប្រធានាធិបតីអាមរិក Mike Pence ថា ការចោទប្រកាន់លោក ត្រាំ ផ្ញើសារដ៏អាក្រក់មួយអំពីប្រព័ន្ធយុត្តិធម៌អាមេរិក (Video inside)

01-04-2023 15:41

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អតីតអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានលើកឡើងថា ការចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌ ចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្ញើសារយ៉ាងអាក្រក់មួយទៅកាន់​ពិភពលោក អំពីប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

លោក ម៉ៃ ភែន ដែលជាអតីតអនុប្រធានាធិបតីរបស់លោក ត្រាំ និងអាចជាគូប្រជែងម្នាក់សម្រាប់តំណែង បេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋនោះ បាននិយាយយ៉ាងដូច្នេះថា «មានមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក ដែលនឹងចង្អុលមកកាន់រឿងនេះ ដើម្បីយកធ្វើជាលេសការពារការប្រើប្រាស់តាមតែអំពើចិត្ត នៃប្រព័ន្ធយុត្តិធម៌ប្រទេសរបស់ពួកគេ ជាក់ជាមិនខានឡើយ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងញូយ៉ក នាសប្តាហ៍ក្រោយ ដើម្បីយកស្នាមម្រាមដៃនិងថតរូប ខណៈរូបលោកបានក្លាយជា អតីតប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយការផ្តល់លុយបំបិទមាត់ កាលពីឆ្នាំ២០១៦ ទៅកាន់តារាកុនអាសអាភាសម្នាក់ ឈ្មោះ ស្តូមី ដានីញែល (Stormy Daniels)។ លោក ត្រាំ​ ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យនៃទីក្រុងញូយ៉ក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលលោកកំពុងព្យាយាមកសាងសំឡេងគាំទ្រ ដើម្បីវិលត្រឡប់សាជាថ្មីទៅរកតំណែងប្រធានាធិបតី ដែលលោកបានបាត់បង់ ក្នុងការបោះឆ្នោត​កាលពីឆ្នាំ២០២០៕