(ម៉ានីល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ពលទាហានហ្វីលីពីនបានហ្វឹកហ្វឺនបាញ់គ្រាប់ពិត ជាមួយសមភាគីអាមេរិករបស់ពួកគេ នៅក្នុងជំរំយោធាធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ដែលជាផ្នែកនៃសមយុទ្ធរវាងកងទ័ពជើងគោកនិងនិងកងទ័ពជើងគោក ក្រោមគោលដៅពង្រឹងសមត្ថភាពការពារជាតិរបស់ទីក្រុងម៉ានីល ប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។
កងទ័ពហ្វីលីពីននិងអាមេរិកសរុបជាង ៣,០០០នាក់ បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានរយៈពេល៣សប្តាហ៍ ហៅថា សាឡាក់នីប (Salaknib) ខណៈកាលពីថ្ងៃសុក្រ រួមមាននូវការធ្វើលំហាត់បាញ់គ្រាប់ពិត នៃកាំភ្លើងចម្រុះ អាវុធប្រឆាំងរថក្រោះ ហើយនិងប្រព័ន្ធផ្លោងគ្រាប់រ៉ុក្កែត HIMARS។ សមយុទ្ធ សាឡាក់នីប បានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី៤ ខែមេសា។
មិនតែប៉ុណ្ណោះ កំលុងចុងខែមេសានេះ ក៏នឹងមានការធ្វើសមយុទ្ធយោធារួមធំបំផុតមិនធ្លាប់មាន រវាងហ្វីលីពីននិងសហរដ្ឋអាមេរិកផងដែរ ដែលស្តែងឱ្យឃើញពីភាពប្រសើរឡើងនៃទំនាក់ទំនង របស់ទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៉ីនតោន នៅក្រោមអាណត្តិដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)។ កាលពីខែកុម្ភៈ លោក ម៉ាកូស បានសម្រេចអនុញ្ញាតឱ្យអាមេរិកអាចប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីន បានប៉ុន្មានកន្លែងបន្ថែមទៀត ជាទង្វើដែលបង្កឱ្យចិនខឹងសម្បារ ហើយចោទទីក្រុងវ៉ាស៉ីនតោនថា កំពុងបង្កឱ្យមានភាពតានតឹងក្នុងតំបន់។
គួរបញ្ជាក់ថា សមយុទ្ធយោធាប្រចាំឆ្នាំ ហៅថា បាលីកាតាន់ (Balikatan) ក្នុងខែមេសានេះ នឹងមើលឃើញមានយោធិនចូលរួមសរុបខ្ទង់ ១៧,៦០០នាក់ ក្នុងនោះប្រហែល១២,០០០មកពីសហរដ្ឋអាមេរិក ហើយវាកើតឡើងក្នុងបរិបទដែលហ្វីលីពីនហៅថា ការបង្កើនសកម្មភាពបង្កហេតុដោយចិន នៅតំបន់សមុទ្រចិនខាងត្បូង៕