(ហុងកុង)៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងហុងកុងនៃប្រទេសចិន បានចេញមុខច្រានចោល ចំពោះការអះអាងនៅក្នុងរបាយការណ៍ថ្មីមួយរបស់​រដ្ឋាភិបាលអាមេរិក ដែលនិយាយថា ផលប្រយោជន៍អាមេរិកបានរងការគំរាមកំហែង ហើយទីក្រុងប៉េកាំងនៅតែបន្តបំផ្លាញនីតិរដ្ឋក៏ដូចជា​សិទ្ធិសេរីភាពរបស់ហុងកុង តាមរយៈការបង្រ្កាបក្រោមច្បាប់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍គោលនយោបាយហុងកុងឆ្នាំ២០២៣ ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បានលើកឡើងថា អាជ្ញាធរចិន និងអាជ្ញាធរហុងកុងផ្ទាល់ បានបន្តប្រើប្រាស់សន្តិសុខជាតិធ្វើជាមូលដ្ឋាន ដើម្បីបន្តបំផ្លាញនីតិរដ្ឋព្រមទាំងសិទ្ធិសេរីភាពនៅទីក្រុងហុងកុង។ របាយការណ៍នោះបានអះអាងថា អាជ្ញាធរទីក្រុងហុងកុងបានបន្តចាប់ខ្លួននិងកាត់ទោសប្រជាជន សម្រាប់ការបញ្ចេញទស្សននយោបាយ​ ដែលធ្វើឡើងដោយសន្តិវិធីប្រឆាំងនឹងរដ្ឋបាលក្នុងតំបន់ រួមទាំងរដ្ឋាភិបាលកណ្តាល។

យ៉ាងណាមិញ អ្នកនាំពាក្យម្នាក់របស់រដ្ឋបាលទីក្រុងហុងកុង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ហុងកុងមិនយល់ស្របជាខ្លាំងហើយ​សូមច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងដែលគ្មានមូលដ្ឋាននិងមួលបង្កាច់ការពិតទាំងនេះ នៅក្នុងរបាយការណ៍របស់អាមេរិក។ អ្នកនាំពាក្យរូបនោះបានបន្តថា ការប៉ុនប៉ងរបស់អាមេរិក ក្នុងការបំផ្លាញស្ថិរភាពនិងវិបុលភាពទីក្រុងហុងកុង នឹងមានតែបកអាក្រាតឱ្យឃើញពី​ចំណុចខ្សោយខ្លួនឯងវិញប៉ុណ្ណោះ ហើយគ្មានថ្ងៃទទួលជោគជ័យនោះទេ។ អ្នកនាំពាក្យខាងលើបានសង្កត់ធ្ងន់ថា ការរក្សាការពារសន្តិសុខជាតិ មានសារសំខាន់ខ្លាំងក្រៃលែង ហើយប្រជាជនទាំងអស់គឺស្មើភាពគ្នានៅក្រោមច្បាប់ ទោះប្រកាន់ជំហរនយោបាយឬមានសាវតារបែបណា​ក៏ដោយ។

គួរបញ្ជាក់ថា ចិនបានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០។ អាជ្ញាធរហុងកុងបានអះអាងថា ច្បាប់នេះ​បានជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្រោយការផ្ទុះចលនាបាតុកម្មយ៉ាងវឹកវរ កាលពីឆ្នាំ២០១៩។ យ៉ាងណាក្តី ចាប់តាំងពីឆ្នាំ២០២០មក មនុស្សសរុបជាង២៣០នាក់ ត្រូវបានចាប់ខ្លួន ដោយសារជាប់សង្ស័យក្នុងសកម្មភាព ដែលគំរាមកំហែងចំពោះសន្តិសុខជាតិ៕