(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីដែលបានសម្រេចដាក់ឱ្យឈរជើងអាវុធនុយក្លេអ៊ែរតាក់ទិច នៅបេឡារុសរួចស្រេចហើយនោះ ប្រសិនចាំបាច់ក៏អាច​ដាក់ពង្រាយមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) នៅក្នុងប្រទេសលោក ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

ក្នុងការថ្លែងសារប្រចាំឆ្នាំទៅកាន់ក្រុមសមាជិកសភា និងក្រុមមន្រ្តីរដ្ឋាភិបាលបេឡារុស លោក លូកាសិនកូ បានអះអាងថា ផែនការរបស់ទីក្រុងមូស្គូក្នុងការ​ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីនៃសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ខ្លួន នឹងជួយការពារបេឡារុស ដែលលោកអះអាងថា កំពុងស្ថិតក្រោមការគំរាមកំហែងពីលោកខាងលិច។ កាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន នៅបេឡារុស។

ជាងនេះទៅទៀត លោក លូកាសិនកូ ក៏បានលើកឡើងអំពីលទ្ធភាព នៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរស្រ្តាធីជីគរបស់រុស្ស៉ី ពោលគឺមីស៉ីលបាលិស្ទីគ ICBM ដែលអាចកម្ទេចទីក្រុងទាំងមូលៗ ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រឱ្យរលាយបាត់នោះ នៅលើទឹកដីបេឡារុសផងដែរ។ លោកប្រធានាធិបតីបេឡារុស បានលើកឡើងដូច្នេះថា «ប្រសិនបើយើងមើលឃើញថា មានការប៉ុនប៉ង​បំផ្លាញប្រទេសយើង នោះយើងនឹងប្រើប្រាស់អ្វីគ្រប់បែបយ៉ាង។ ប្រសិនបើចាំបាច់ លោក ពូទីន និងខ្ញុំ នឹងសម្រេចចិត្តហើយនាំយក​អាវុធនុយក្លេអ៊ែរស្រ្តាធីជីគ មកទីនេះថែមទៀត»

គួរបញ្ជាក់ថា អាវុធនុយក្លេអ៊ែរតាក់ទិច (tactical) ដែលរុស្ស៉ីគ្រោងដាក់ពង្រាយនៅបេឡារុស គឺសំដៅទៅលើនុយក្លេអ៊ែរដែលមានកម្លាំងទាប ហើយ​សម្រាប់បំពាក់នៅលើមីស៉ីលតូចៗ ឧទាហរណ៍ដូចជា ប្រព័ន្ធមីស៉ីលរយៈចម្ងាយខ្លី Iskander របស់រុស្ស៉ីជាដើម។ ចំណែក អាវុធនុយក្លេអ៊ែរ​ស្រ្តាធីជីគ (strategic) វិញ គឺជាអាវុធនុយក្លេអ៊ែរ ដែលមានកម្លាំងខ្លាំងមហិមា សម្រាប់​បំពាក់នៅលើមីស៉ីលធំៗ ឧទាហរណ៍ដូចជា ប្រព័ន្ធមីស៉ីល YARS ដែលអាចបាញ់បានចម្ងាយខ្ទង់ម៉ឺនគីឡូម៉ែត្រ៕