(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីចិន លោក ស៉ី ជិនពីង និយាយគ្នាជាមួយមេដឹកនាំអ៊ុយក្រែន ហើយស្វែងយល់ដោយផ្ទាល់អំពីរូបមន្តសន្តិភាពរបស់ទីក្រុងកៀវ ដើម្បីជួយបិទបញ្ចប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

លោក សាន់ឆេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា កំលុងជំនួបជាមួយលោក ស៉ី ជិនពីង រូបលោកបានប្រាប់ទៅកាន់ លោកប្រធានាធិបតីចិនថា អេស៉្បាញគាំទ្រសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយក្នុងនោះរួមមានទាំងការទាមទារឱ្យស្តារ ទឹកដីអ៊ុយក្រែនទៅរកស្ថានភាពដើមវិញ មុនពេលដែលរុស្ស៉ី​​ក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤។ លោក ស៉ី ទើប​តែបានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០-២២ ខែមីនា។ កន្លងមក រុស្ស៉ីធ្លាប់បាននិយាយហើយថា អ៊ុយក្រែនត្រូវតែទទួលយកការបាត់បង់គ្រីមៀ ហើយនិងទឹកដីនៃតំបន់៤ផ្សេងទៀត ដែលស្ថិតនៅភាគខាងត្បូងនិងខាងកើតប្រទេសរបស់ខ្លួន។

លោក នាយករដ្ឋមន្រ្តីអេស៉្បាញ បាននិយាយដូច្នេះថា «ខ្ញុំជឿថាវាគឺជាផែនការមួយ ដែលផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់បង្កើតសន្តិភាពរឹងមាំ​មួយនៅអ៊ុយក្រែន ហើយក៏សមស្របឥតខ្ចោះជាមួយធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានរំលោភបំពានដោយសង្រ្គាមរបស់​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីំមៀ ពូទីន នៅអ៊ុយក្រែន ផងដែរ»។ លោក សាន់ឆេស បានអះអាងថា រូបលោកបានព្យាយាមជំរុញឱ្យលោក ស៉ី និយាយជាមួយលោក ហ្សេលេនស្គី ដើម្បីស្វែងយល់លម្អិតដោយផ្ទាល់ អំពីផែនការសន្តិភាពរបស់ទីក្រុងកៀវ ប៉ុន្តែលោកមិនបានឱ្យដឹងថា លោក ស៉ី បានឆ្លើយតបបែបណាអំពីបញ្ហាសង្រ្គាមអ៊ុយក្រែនឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោកប្រធានាធិបតីចិន និងលោកប្រធានាធិបតីអ៊ុយក្រែន មិនទាន់ដែលធ្លាប់និយាយគ្នានៅឡើយទេ សូម្បីតែតាមទូរស័ព្ទឬប្រព័ន្ធវីដេអូអនឡាញ។ ក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមលក្ខណៈជាស្រេច ដើម្បីរង់ចាំស្វាគមន៍លោក ស៉ី ទៅកាន់អ៊ុយក្រែន។ កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងបានចេញផ្សាយនូវគោលជំហរ១២ចំណុចរបស់ខ្លួន ស្តីពីដំណោះស្រាយផ្នែកនយោបាយ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន៕