(ញូវយ៉ក)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆយនៃសង្កាត់ ​Manhattan ទីក្រុងញូវយ៉ក ចោទប្រកាន់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ ក្រោយការស៊ើបអង្កេត មួយជុំវិញការសូកប៉ាន់បំបិតមាត់តារាថតកុន​កូន​ជ្រូក នាង Stormy Daniels។ តាមរយៈការចោទប្រកាន់ខាងលើ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ អាមេរិក ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ខណៈរូបលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ ការបោះឆ្នោតនៅឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ នៅតែប្រកាន់ជំហរបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដដែល ហើយបានអះអាងថាលោកមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់នោះទេ។ «នេះជា ការធ្វើទុក្ខបុក្ខម្នេញនយោបាយ និងជាការលូកលាន់ការបោះឆ្នោតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ»។ នេះជាការគូសបញ្ជាក់របស់លោក ដូណាល់ ត្រាំ ដោយមិនបានផ្ដល់ភស្តុតាងអ្វីឡើយ។

ខាងក្រោមនេះគឺជាដំណើររឿងនាំឱ្យកើត «រលកយក្សស៊ូណាមិនយោបាយ» នៅសហរដ្ឋអាមេរិក និងតួអង្គនាង Stormy Daniels៖

* ជួបគ្នានៅឯបឹងថាហូ (LAKE TAHOE)

នៅក្នុងសៀវភៅគាស់កកាយរឿងសម្ងាត់ជាមួយលោក ដូណាល់ ត្រាំ មានចំណងជើងជាភាសាអង់គ្លេស ថា «Full Disclosure» ចេញផ្សាយកាលពីឆ្នាំ២០១៨ នាង Stormy Daniels ដែលមានឈ្មោះ ពិតថា Stephanie Clifford បានរៀបរាបឡើងវិញពីទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ នៅឯរីសតវាយកូនហ្គោល Nevada golf resort ស្ថិតនៅតាមបណ្ដោយច្រាំងនៃបឹងថាហូ (Lake Taho)។ នាង Daniels ថែមទាំងបានបង្ហាញរូបថតមួយសន្លឹក ថតជាមួយលោក ត្រាំ ពាក់មួកពណ៌ក្រហម រី​ឯរូបនាងពាក់អាវពណ៌ខ្មៅ។ រូបថតនេះត្រូវបានថតនៅឯស្ទូតយោថតរឿងអាសអាភាសមួយ ជាកន្លែង ធ្វើការរបស់នាង Daniels។

នាង Daniels នៅពេលនោះមានអាយុ ២៧ឆ្នាំ ហើយលោក ត្រាំ មានអាយុ៦០ឆ្នាំ។ រឿងរ៉ាវរវាងអ្នកទាំង២ បានកើតឡើងប្រហែលជា៤ខែ ក្រោយភរិយាទី៣របស់លោក ត្រាំ គឺលោកស្រី Melania ផ្ដល់កំណើត ឱ្យកូនប្រុសឈ្មោះ Barron។ នៅក្នុងសៀវភៅខាងលើដដែល នាង Daniels បានឱ្យដឹងថាអង្គរក្សម្នាក់របស់លោក ត្រាំ បានអញ្ជើញរូបនាងឱ្យទៅញុំាអាហារពេលល្ងាច ជាមួយរូបលោកនៅឯអាផាតធឺមិន ដ៏ប្រណិតមួយរបស់លោក។ ​តារាថតកុន​កូន​ជ្រូករូបនេះ ក៏បានរៀបរាប់ពីការរួមរក្សជាមួយលោក ត្រាំផងដែរ និងបានអះអាងទៀតផងថា លោក ត្រាំ អន់បំផុតចំពោះរឿងលើគ្រែ បើតាមបទពិសោធន៍របស់នាង។ ក៏ប៉ុន្តែ លោកអតីតប្រធានាធិបតីអាមេរិក បានបដិសេធថាអ្នកទាំង២ មិនដែលមានទំនាក់ទំនងផ្លូវភេទនឹងគ្នានោះទេ និងចោទប្រកាន់ថានាង Daniels គ្រាន់តែចង់គំរាមទារលុយ និងនិយាយភូតកុហក។ បើតាម នាង Daniels រូបនាងនៅតែបន្តទំនាក់ទំនងជាមួយលោក ត្រាំ នៅឆ្នាំក្រោយមកទៀត ក្នុងក្ដីសង្ឃឹមថាលោក ត្រាំ នឹងនាំរូបនាងឡើងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរបស់លោក ប៉ុន្តែមិនបានសម្រេចនោះទេ។

* សូកលុយបំបិតមាត់

រឿងអាស្រូវផ្លូវភេទជាមួយ Daniels របស់លោក ត្រាំ ផ្ទុះឡើងកាលពីឆ្នាំ២០១៦ ជាពេលដែលលោកជាបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ។ នៅពេលនោះដែរ កាសែត National Enquirer គ្រប់គ្រងដោយមនុស្សម្នាក់ជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ បានរកឃើញថានាង Daniels កំពុងព្យាយាមរកមធ្យោបាយគាស់កាយរឿងអាស្រូវជាមួយលោក ត្រាំ។ ហេតុដូចនេះ កាសែតនេះដដែល បានរៀបចំឱ្យនាង Daniels ទាក់ទងជាមួយលោក Michael Cohen ជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ និងមានរហ័ស្សនាមថា «The Pitbull» នៅក្នុងទំនាក់ទំនងជាមួយតារាថតកុនកូនជ្រូក។

ប៉ុន្តែ ក្រោយមក លោក Cohen បែរជាបកទៅប្រឆាំងលោក ត្រាំ ដោយបានសារភាពថាលោកពិតជាបានឱ្យ «លុយ ១៣០,០០០ដុល្លារ» ជាថ្នូរនឹងការបិទមាត់នាង Daniels ឱ្យរក្សាការសម្ងាត់ពីទំនាក់ទំនង ផ្លូវភេទជាមួយលោក ត្រាំ កាលពីឆ្នាំ២០០៦។ លុយបំបិតមាត់នេះត្រូវបានរាយការណ៍ឱ្យដឹងដោយកាសែត Wall Street Journal កាលពីខែមករា ឆ្នាំ២០១៨ និងចាប់ពីពេលនោះមកដែរ វាបានក្លាយជា មូលដ្ឋានសម្រាប់ការចោទប្រកាន់ដែលលោក ត្រាំ ត្រូវប្រឈម។

យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែប្រកែកថាមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ និងទទូចថាលោកគឺជាជនរងគ្រោះនៃការធ្វើបាបខាងនយោបាយពីរដ្ឋអាជ្ញាស្រុក Manhattan លោក Alvin Bragg ដែលជាមានទំនោរគាំទ្រគណបក្សប្រជាធិបតេយ្យ ក្នុងគោលបំណងរារាំងកុំឱ្យរូបលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ តែប៉ុណ្ណោះ។

ចាប់តាំងពីពេលចេញមុខទម្លាយរឿងអាស្រូវផ្លូវភេទមក នាង Daniels អាចរកលុយបានជាច្រើនពីភាពល្បីល្បាញរបស់នាងជាមួយលោក ត្រាំ ខណៈតតាំជាមួយលោក ត្រាំ ទាំងនៅក្នុង និងក្រៅតុលាការ រួមទាំង លើបណ្ដាញទំនាក់ទំនងសង្គម។ នៅលើ Twitter នាង Daniels ធ្លាប់ទាំងបានលើកឡើងថាលោក ត្រាំ ធ្លាប់បានប្រមាថរូបនាងថា «នាងមុខសេះ»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លុយ៣០០,០០០ដុល្លារ នៃលុយ ៨០០,០០០ដុល្លារ ដែលនាង Daniels រកបានពីការលក់សៀវភៅមានចំណងជើងថា Full Disclosure ឬ «ការលាតត្រដាងទាំងស្រុង» ត្រូវបានអតីតមេធាវីម្នាក់របស់នាង ឈ្មោះ Michael Avenatti បានលួចយកទៅបាត់។ លោក Avenatti បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ពីបទលួចលុយរបស់នាង Daniels។

គួរបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក មិនមានចំណុចណាមួយ ដែលរារាំងលោក ត្រាំ មិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនោះទេ បើទោះជាលោកត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសក៏ដោយ។ ណាមួយ ឥលូតគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ ដូច្នេះគេត្រូវបន្តរង់ចាំមើលសិនថាតើលោក ត្រាំ ត្រូវបានតុលាការផ្ដន្ទាទោស ឬក៏យ៉ាងណា? រដ្ឋធម្មនុញ្ញអាមេរិកគ្រាន់តែចែងពីលក្ខណៈសម្បត្តិសម្រាប់តំណែងជា ប្រធានាធិបតី ដោយក្នុងនោះបេក្ខជនប្រធានាធិបតីជាបុរស ឬស្ត្រី ត្រូវតែមានអាយុ ៣៥ឆ្នាំឡើង ជាពលរដ្ឋកើតនៅអាមេរិក និងរស់នៅសហរដ្ឋអាមេរិក បានរយៈពេលយ៉ាងហោច ១៤ឆ្នាំ។ លោក ត្រាំ បានប្រាប់ អ្នកសារព័ត៌មានលោកដាច់ខាតនឹងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បើទោះជាលោកត្រូវបានចោទប្រកាន់ក៏ដោយ៕

គួរបញ្ជាក់ថា ជាទូទៅ បុគ្គលដែលត្រូវបានចោទប្រកាន់ អាចនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ឬប្រគល់ខ្លួនដោយស្ម័គ្រចិត្ត។ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនដោយស្ម័គ្រចិត្ត នៅក្នុងសវនាការមួយ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់ក្រុមអ្នកគាំទ្រថារូបលោកអាចនឹងត្រូវបានគេចាប់ខ្លួន ហើយអំពាវនាវឱ្យក្រុមអ្នកគាំទ្ររូបលោកធ្វើបាតុកម្មតវ៉ា ដែលនេះបាន និងកំពុងបង្កឱ្យមាន ការព្រួយបារម្ភពីការផ្ទុះឡើងអំពើហិង្សា ដូចកាលពីពេលដែលក្រុមអ្នកគាំទ្ររបស់លោក ចូលអុកឡុកវិមានសភា កាលពី២០២១៕