(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា អ្នកសារព័ត៌មានបរទេសទាំងអស់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ អាចបន្តធ្វើការងារនៅក្នុងប្រទេសរុស្ស៉ីបានជាធម្មតា បន្ទាប់ពីអ្នកកាសែតម្នាក់របស់សារព័ត៌មានអាមេរិក Wall Street Journal ទើបតែត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទធ្វើចារកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «អ្នកកាសែតទាំងអស់ ដែលមានការទទួលស្គាល់ត្រឹមត្រូវនៅទីនេះ... ខ្ញុំចង់សំដៅលើក្រុមអ្នកកាសែតបរទេស គឺអាចបន្តសកម្មភាពជាអ្នកសារព័ត៌មានរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៉ីបាន។ ពួកគេមិនប្រឈមការរឹតត្បិតអ្វីទាំងអស់ ហើយកំពុងធ្វើការធម្មតា»។
គួរបញ្ជាក់ថា លោក អ៉ីវ៉ាន់ ហ្កឺស្កូវិច (Evan Gershkovich) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអាមេរិក The Wall Street Journal ប្រចាំនៅការិយាល័យទីក្រុងមូស្គូ ត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមការចោទប្រកាន់ពីបទធ្វើចារម្ម។ លោក ប៉េស្កូវ ក៏បានព្រមានផងដែរថា កុំឱ្យទីក្រុងវ៉ាស៉ីនតោនឆ្លើយតបមកវិញ តាមរយៈការបណ្តេញក្រុមអ្នកកាសែតរុស្ស៉ី ដែលកំពុងបំពេញការងារ នៅសហរដ្ឋអាមេរិកឱ្យសោះ។ ករណីនេះបានបង្កជាហានិភ័យ ដែលអាចធ្វើឱ្យទំនាក់ទំនង ដែលស្ថិតក្នុងស្ថានភាពអាក្រក់ស្រាប់រវាងអាមេរិកនិងរុស្ស៉ី ធ្លាក់ចុះដល់កម្រិតកាន់តែយ៉ាប់យ៉ឺនថែមទៀត៕