(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី៣១មីនានេះ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រគោលនយោបាយការបរទេសថ្មីរបស់រុស្ស៊ី សំដៅកាត់បន្ថយ «ការត្រួតត្រា» របស់លោកខាងលិច និងកំណត់ប្រទេសចិន និងឥណ្ឌាជាដៃគូសំខាន់សម្រាប់អនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។
ឯកសារយុទ្ធសាស្ត្រថ្មីនេះបញ្ជាក់ពីការប្រេះឆាបែបសង្រ្គាមត្រជាក់យ៉ាងស៊ីជម្រៅរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញការវាយលុករបស់ក្រុងមូស្គូនៅអ៊ុយក្រែន។
ឯកសានេះបាននិយាយថា «សហព័ន្ធរុស្ស៊ីមានបំណងផ្តល់អាទិភាពដល់ការលុបបំបាត់ឥទ្ធិពល នៃការត្រួតត្រារបស់សហរដ្ឋអាមេរិក និងប្រទេសដែលមិនរួសរាយរាក់ទាក់ផ្សេងទៀតនៅក្នុងនយោបាយពិភពលោក»។
រុស្សីប្រើពាក្យថា «បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់» ដើម្បីសំដៅលើប្រទេសជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលបានថ្កោលទោសយុទ្ធនាការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងដាក់ទណ្ឌកម្មប្រឆាំងខ្លួន។
ឯកសារដែលមានកំរាស់ ៤២ទំព័រ ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីនឹងមានបំណង «បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំងឡាយ ដើម្បីបដិសេធនូវគោលបំណងនៃ អាណានិគមនិយមថ្មី និងការដាក់អនុត្តរភាព»។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅពេលប្រកាសគោលនយោបាយនេះ លោក ពូទីន បាននិយាយថា ការធ្វើបច្ចុប្បន្នភាពអំពីយុទ្ធសាស្ត្ររបស់រុស្ស៊ី សម្រាប់ការចូលរួមនៅលើឆាកពិភពលោកគឺជាកត្តាចាំបាច់ ខណៈដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីជំហរប្រឆាំងលោកខាងលិចកាន់តែខ្លាំងឡើងរបស់មេដឹកនាំរុស្ស៊ី ក្នុងការប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងជំនួយយោធាដល់អ៊ុយក្រែន៕