(មូស្គូ)៖ ក្រុមប្រឹក្សាភិបាលកាសែត Wall Street Journal បានអំពាវនាវឱ្យមានការបណ្តេញឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បន្ទាប់ពីការចាប់ខ្លួនអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែតមួយរូបក្នុងប្រទេសរុស្ស៊ី ក្រោមការចោទប្រកាន់ពីបទចារកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

កាសែតបាននិយាយនៅក្នុងអត្ថបទមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (៣១ មីនា) ថា «ការបណ្តេញឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ក៏ដូចជាអ្នកសារព័ត៌មានរុស្ស៊ីទាំងអស់ដែលធ្វើការនៅទីនេះ ជាកម្រិតអប្បបរមាដែលរំពឹងទុក»

ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៉ី FSB កាលពីថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អ្នករាយការណ៍ព័ត៌មានម្នាក់ ដែលធ្វើការឱ្យសារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងយេកាតឺរីនបឺគ (Yekaterinburg) ដែលស្ថិតនៅ​តំបន់ជួរភ្នំអ៊ូរ៉ាល់ ក្រោមការសង្ស័យករណីចារកម្ម។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់សេចក្តីថ្លែងការណ៍ខាងលើ គឺបុគ្គល ហ្កឺស្កូវិច ទទួលបានបញ្ជាពីអាមេរិកឱ្យប្រមូលយកព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាស នៅក្នុងវិស័យឧស្សាហកម្មយោធា-ការពារជាតិរបស់ប្រទេសរុស្ស៉ី។ យ៉ាងណាមិញ ការអះអាងនេះ មិនមានការផ្តល់ភស្តុតាងភ្ជាប់មកជាមួយឡើយ។ ដោយឡែក ខាងសារព័ត៌មាន The Wall Street Journal មិនទាន់ចេញមុខធ្វើការ​អត្ថាធិប្បាយ ជុំវិញដំណឹងនៃការឃាត់ខ្លួនបុគ្គលិករបស់ខ្លួននេះ នៅឡើយទេ៕