(បេឡារុស)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រនេះថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលត្រូវដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក នឹងការពារប្រទេសនេះពីការគំរាមកំហែងរបស់លោកខាងលិច ដោយអះអាងថាប្រទេសជិតខាងប៉ូឡូញកំពុងមានផែនការឈ្លានពានប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។
លោក Lukashenko បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលថា «យកពាក្យរបស់ខ្ញុំទៅ ខ្ញុំមិនដែលបោកបញ្ឆោតអ្នកទេ។ ពួកគេកំពុងរៀបចំដើម្បីឈ្លានពានប្រទេសបេឡារុស និងបំផ្លាញប្រទេសរបស់យើង»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស នៅក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១។
រដ្ឋាភិបាលទីក្រុង Minsk បាននិយាយថា អាវុធទាំងនេះនឹងផ្តល់ការការពារ បន្ទាប់ពីអ្វីដែលខ្លួនបានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងដាក់សម្ពាធមួយក្នុងគោលបំណងផ្តួលរំលំ លោក Lukashenko ដែលកាន់អំណាចអស់រយៈពេល ២៨ឆ្នាំ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ លោក Lukashenko ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន និងការចាប់ផ្តើមកិច្ចចរចាស្តីពីដំណោះស្រាយសន្តិភាពអចិន្ត្រៃយ៍ ដោយព្រមានថារុស្ស៊ីនឹងត្រូវបង្ខំឱ្យប្រើ «អាវុធដ៏គួរឱ្យភ័យខ្លាចបំផុត» របស់ខ្លួន ប្រសិនបើមានអារម្មណ៍ថាមានការគំរាមកំហែង។
លោកបាននិយាយយ៉ាងដូច្នេះថា «វាមិនអាចទៅរួចទេក្នុងការកម្ចាត់មហាអំណាចនុយក្លេអ៊ែរ។ ប្រសិនបើមេដឹកនាំរុស្ស៊ីយល់ថា ស្ថានភាពគំរាមកំហែងធ្វើឱ្យរុស្ស៊ីបែកបាក់ វានឹងប្រើអាវុធដ៏គួរឱ្យភ័យខ្លាចបំផុត...រឿងនេះមិនគួរឱ្យកើតឡើងឡើយ»៕