(តៃប៉ិ)៖ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ទុះកំហឹងគ្រាដែលមានដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃ វ៉ាន់ លោកស្រី សៃអ៊ឹងវ៉ិន ទៅកាន់សហរដ្ឋអាមេរិក។ តាមពិតដំណើរទស្សនកិច្ចរបស់លោកស្រី សៃ អ៊ឹងវ៉ិន មានគោលបំណងទៅកាន់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែតម្រូវឱ្យមានការ ឈប់សំចតក្នុងសហរដ្ឋអាមេរិក ខណៈដែលមានសេចក្តីរាយការណ៍បង្ហាញថា លោកស្រីសៃ អ៊ឹងវ៉ិន មានគម្រោងជួបជាមួយនឹង ប្រធានសភាតំណាងរាស្ត្រថ្មីអាមេរិកលោក ខេវិន ម៉ឹកខាស៊ី Kevin McCarthy។
ហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់លោកស្រីសៃអ៊ឹងវិន បានបង្កការ ក្តៅក្រហាយដល់ប្រទេសចិន, តើប្រទេសចិនបានបោះពាក្យសម្តីអ្វីខ្លះជុំវិញដំណើរទស្សនកិច្ចនេះ?
មេដឹកនាំកោះតៃវ៉ាន់ លោកស្រីសៃអ៊ឹងវ៉ិន កំពុងឈប់សំចតក្នុងសហរដ្ឋអាមេរិកក្នុងដំណើរ ទស្សនកិច្ចក្រៅប្រទេសទៅកាន់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែដំណើររបស់លោក ស្រីហាក់ដូចជាកំពុងបង្ហាញបំណងផ្សេងទៀតដែលបង្កឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារជាខ្លាំង។ រដ្ឋាភិបាលក្រុងប៉េកាំងបានថ្លែងថា ដោយសារតែកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ដូច្នេះដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺតៃវ៉ាន់មិនអាចមានសិទ្ធិធ្វើទៅបានឡើយ។
លោកស្រីសៃ អ៊ឹងវិន បានឈប់សំចតក្នុងក្រុងញូយ៉កនៅថ្ងៃពុធទី២៩មីនា ក្នុងរង្វង់ការព្រមាន ពីប្រទេសចិនបើសិនជាលោកស្រីនឹងជួបប្រធានសភាតំណាងរាស្ត្រថ្មីអាមេរិក គឺលោក Kevin McCarthy ។ បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃ ទឹកដីរបស់ខ្លួនក៏ដោយ ប៉ុន្តែលោកស្រីសៃ អ៊ឹងវ៉ិន បានបង្ហាញចេតនាចង់ផ្តាច់កោះតៃវ៉ាន់ជា ទឹកដីឯករាជ្យ ក្រោមការពឹងផ្អែកលើចំណាត់ការជួយពីសហរដ្ឋអាមេរិក ដែលបានព្រមានប្រទេសចិន ថារដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន នឹងចាត់វិធានការណ៍យោធាទប់ទល់ការពារកោះ តៃវ៉ាន់ ប្រសិនណាបើរដ្ឋាភិបាលក្រុងប៉េកាំងហ៊ានប្រើកម្លាំងបង្ខំការបង្រួបបង្រួមជាតិ។
ជម្លោះរវាងប្រទេសចិននិងសហរដ្ឋអាមេរិកជុំវិញកោះតៃវ៉ាន់នេះបានបារម្ភជុំវិញការនឹងអាច ផ្ទុះសង្គ្រាមថ្មីមួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលបណ្តាប្រទេសលើពិភពលោកជាច្រើន កំពុងរងចំហាយនៃវិបត្តិសេដ្ឋកិច្ចដោយសារតែឥទ្ធិពលនៃសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែល បានអូសបន្លាយរយៈពេលជាងមួយឆ្នាំរួចមកនេះ។
កងកម្លាំងរំដោះប្រជាជនចិន កាលពីខែសីហាឆ្នាំ២០២២ បានធ្វើសមយុទ្ធដ៏ធំមួយព័ទ្ធជុំវិញ កោះតៃវ៉ាន់ម្តងរួចទៅហើយដោយសារតែការខឹងនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានស ភាអាមេរិកលោកស្រីណានស៊ីប៉េឡូស៊ី មកកាន់កោះតៃវ៉ាន់នាពេលនោះ។ ប្រទេសចិនបានព្រមានថា នឹងអាចប្រើកម្លាំងយោធាធ្វើការបង្រួបបង្រួមកោះតៃវ៉ាន់នេះ ប្រសិនបើមានលក្ខណៈចាំបាច់។ កងកម្លាំងប្រដាប់អាវុធកោះតៃវ៉ាន់បានថ្លែងក្នុងពេលនេះថា គេកំពុងតាមដានសកម្ម ភាពរបស់កងកម្លាំងរំដោះប្រជាជនចិនគ្រប់ពេលវេលា ក្នុងពេលអវត្តមានមេដឹកនាំលោកស្រីសៃអ៊ឹងវិន ដេលធ្វើដំណើរចាកចេញពីប្រទេសនាពេលនេះ។ លោកស្រីសៃ អ៊ឹងវ៉ិនបានថ្លែង មុន ពេលចាកចេញថាការគាបសង្កត់ពីខាងក្រៅ នឹងមិនអាចរារាំងការប្តេជ្ញាចិត្តរបស់លោក ស្រីក្នុងការធ្វើដំណើរចេញទៅកាន់ពិភពលោកនោះឡើយ។
លោកស្រី សៃ អេងវ៉ិន បានថ្លែងថា «យើងមានភាពស្ងប់ស្ងាត់ និងមានទំនុកចិត្ត នឹងមិនផ្តល់ ផលឬការបង្កហេតុនោះទេ។ តៃវ៉ាន់នឹងដើរយ៉ាងរឹងមាំលើផ្លូវនៃសេរីភាព និងលទ្ធិប្រជាធិប តេយ្យ ហើយចូលទៅក្នុងពិភពលោក។ ទោះបីជាផ្លូវនេះមានភាពលំបាក ប៉ុន្តែតៃវ៉ាន់មិនមែន តែម្នាក់ឯងនោះទេ»។
មិនមានសេចក្តីរាយការណ៍ថាតើក្នុងការឈប់សំចតនៅសហរដ្ឋអាមេរិកនោះ លោកស្រីសៃ អ៊ឹងវ៉ិននឹងធ្វើអ្វីខ្លះនោះឡើយ។ មន្ត្រីទូតតៃវ៉ាន់ក្នុងសហរដ្ឋអាមេរិកបាននិយាយថា រាល់ព្រឹត្តិ ការណ៍ទាំងអស់របស់លោកស្រីក្នុងសហរដ្ឋអាមេរិកនេះនឹងមិនត្រូវបានបង្ហើបឱ្យសារព័ត៌ មានដឹងនោះឡើយ។
ដំណើរទស្សនកិច្ចរបស់លោកស្រីសៃ អ៊ឹងវិន ទៅកាន់ប្រទេសក្នុងតំបន់អាមេរិកឡាទីនគឺប្រទេស Guatamela និងប្រទេស Belize នាពេលនេះបានធ្វើឡើងខណៈដែលប្រទេសហុងឌុយរ៉ាស់ កាលពីថ្ងៃអាទិត្យកន្លងមកនេះ បានផ្លាស់ប្តូរគោលជំហរនយោបាយ ឈប់ទទួលស្គាល់ចិនតៃវ៉ាន់ ប៉ុន្តែបែរជំនួសមកវិញដោយសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នក្នុងពិភពលោកនេះ ប្រទេសដែលទទួលស្គាល់ការទូតជាមួយកោះតៃវ៉ាន់មានចំនួនតែ១៣ប្រទេស តែប៉ុណ្ណោះ…ហើយក្នុងចំណោមប្រទេសទាំង១៣នោះ ប្រទេសធំៗដូចជាសហរដ្ឋអាមេរិក និង ឥណ្ឌាជាដើមគឺមិនមែនជាប្រទេសដែលគាំទ្រតៃវ៉ាន់នោះឡើយ។ ប៉ុន្តែសហរដ្ឋអាមេរិកបែរ ជា បង្ហាញការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រធានាធិបតីអាមេរិកលោកចូបៃដិន បានបញ្ជាក់ការប្តេជ្ញាចិត្តថានឹងប្រើកម្លាំងយោធាជួយតៃវ៉ាន់ បើសិនជាប្រទេសចិនហ៊ានប្រើ កម្លាំងហិង្សាដាក់លើតៃវ៉ាន់ដើម្បីការបង្រួបបង្រូមជាតិនោះ។ ប៉ុន្តែប្រទេសចិនបានបង្ហាញនូវ ជំហរដាច់ខាតវិញថា គេមិនបណ្តោយឱ្យតៃវ៉ាន់បាត់បង់ដោយសារតែអន្តរាគមន៍សហរដ្ឋអាមេ រិកចង់បំបែកទឹកដីចិនឱ្យបែកចេញពីគ្នានោះឡើយ។
មន្ត្រីនាំពាក្យចិនដែលគ្រប់គ្រងកិច្ចការកោះតៃវ៉ាន់លោកស្រី Zhu Fenglian បានថ្លែងក្នុងក្រុង ប៉េកាំងថា ប្រសិនណាបើលោកស្រីសៃអ៊ឹងវិនហ៊ានជួបជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy មែននោះ ប្រទេសចិនពិតជានឹងចាត់វិធានការដើម្បីធ្វើការទប់ទល់ទៅវិញជាមិនខាន។
លោកស្រី Zhu Fenglian បានថ្លែងព្រមានថា «ប្រសិនណាបើមេដឹកនាំកោះតៃវ៉ាន់ធ្វើកិច្ចការ ពាក់ព័ន្ធជាមួយនឹងប្រធានសភាអាមេរិកក្នុងអម្លុងដំណើរទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកនោះ វានឹងក្លាយជាការបង្កហេតុថ្មីមួយទៀតដែលវារំលោភធ្ងន់ធ្ងរខ្លាំងលើគោលនយោបាយចិនតែមួយ បង្កឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាពជាតិចិន និងជាការបំផ្លាញសន្តិភាពនិងស្ថិរភាព ក្នុងជ្រោយដែនកោះតៃវ៉ាន់ផងទៀត។ យើងសូមប្រឆាំងនឹងជំនួបនេះ និងចាត់វិធានការ ប្រឆាំងដាច់ខាតដើម្បីធ្វើការតបតទៅវិញ»។
នៅជាមួយគ្នានេះផងដែរ មន្ត្រីលេខាធិការទី៣ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ស្រីស៊ូ ហ័រយ៉ិន Xu Hueyuan បានថ្លែងព្រមានបន្ថែមថា បើពិតជាមានជំនួបនោះកើតឡើងមែន វានឹងនាំឱ្យមានការប្រឈមមុខគ្នាដ៏ខ្លាំងក្លាមួយទៀតរវាងចិននិងសហរដ្ឋអាមេរិក។ មន្ត្រី ស្ថានទូតចិនដដែលបានថ្លែងថា គេធ្លាប់បាននិយាយបង្ហាញប្រាប់ភាគីអាមេរិកជាច្រើនដងរួច មកហើយថាផលវិបាកដែលកើតឡើងទាំងអស់គឺមិនមែនមកពីប្រទេសចិននោះទេ ប៉ុន្តែគឺ វាបណ្តាលមកពីសហរដ្ឋអាមេរិកនោះទៅវិញទេ។
រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) កាលពីសប្តាហ៍មុនបានថ្លែងព្រមាន ដល់កោះតៃវ៉ាន់ជុំវិញការចាត់វិធានការទប់ទល់ បើសិនបន្តធ្វើនយោបាយផ្តាច់ខ្លួនចេញពីប្រទេសចិន។
លោកឈិនកាង Qin Gang បានថ្លែងថា «ការភ្ជាប់គោលការណ៍នឹងនយោបាយចិនតែមួយ គឺជាជំរើស ដ៏ត្រឹមត្រូវស្របតាមយុត្តិធម៌ជាអន្តរជាតិ និងស្របតាមទំនោរនៃពេលវេលា បាន ធ្វើឱ្យឈ្នះលើទឹកចិត្តប្រជាពលរដ្ឋ និងជាទំនោរអភិវឌ្ឍន៍ទូទៅថែមទៀត»។ លោកបានធ្វើសារព្រមានថា «យើងសូមប្រាប់អាជ្ញាធរតៃវ៉ាន់ថា ភាពពាក់ព័ន្ធនឹងសកម្មភាពផ្តាច់ខ្លួនដើម្បីការចង់ឯករាជ្យតៃវ៉ាន់នោះ គឺបានប្រឆាំងនឹងឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជាតិចិន និងប្រឆាំង ទំនោរប្រវត្តិសាស្ត្រ និងជាការដាក់ទោសគ្មានថ្ងៃអាចគេចរួចបានឡើយ»។
បើទោះបីជាមិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីគម្រោងថ្ងៃដែលនឹងត្រូវជួបគ្នារវាងលោក ស្រីសៃអ៊ឹងវិន ជាមួយនឹងប្រធានសភាតំណាងរាស្ត្រអាមេរិកនោះក៏ដោយ ប៉ុន្តែយោងតាមទី ភ្នាក់ងាររ៉យតឺបានបង្ហើបថា គឺអាចនឹងមានសមាជិកសភាអាមេរិកច្រើនដល់២០នាក់ដែលមាន គម្រោងចង់អមដំណើររបស់លោក Kevin McCarthy ដើម្បីជួបលោកស្រីសៃអ៊ឹងវ៉ិន ដែលមុននេះ គម្រោងចង់ជួបគឺនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្បែរក្រុង Los Angeles ។
បណ្ណាល័យអាមេរិកនោះ នៅមិនទាន់បានបញ្ជាក់ជុំវិញការជួបនេះនៅឡើយទេ ប៉ុន្តែបើ យោងតាមគំរោងធ្វើដំណើរ លោកស្រី សៃ អ៊ឹងវិន ក្នុងពេលដែលវិលត្រឡប់មកពីតំបន់អាមេរិក ឡាទីននោះវិញ នឹងត្រូវឈប់សំចតក្នុងក្រុង Los Angeles សហរដ្ឋអាមេរិកនេះ មុននឹងវិលត្រ ឡប់មកកោះតៃវ់ាន់វិញ។ ដំណើរឈប់សំចតក្នុងក្រុង Los Angeles ដែលនឹងរំពឹងថាមានការ ជួបគ្នាជាមួយនឹងប្រធានសភាតំណាងរាស្ត្រអាមេរិកនោះ នឹងកើតឡើងក្នុងសប្តាហ៍ក្រោយ។
រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu ពាក់ព័ន្ធការគំរាមរបស់ចិនជុំវិញដំណើរ ទស្សនកិច្ចរបស់លោកស្រីសៃអ៊ឹងវិន បានធ្វើប្រតិកម្មរបស់ខ្លួនក្នុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បានថ្លែងថា ប្រទេសចិនតែងតែឆ្លៀតធ្វើការកេងប្រយោជន៍ទៅលើ ព្រឹត្តិការណ៍នានាដើម្បីចោទប្រកាន់លើទំនាក់ទំនងការទូតរបស់តៃវ៉ាន់។ លោកថាដំណើរ របស់មេដឹកនាំកោះតៃវ៉ាន់ធ្វើទស្សនកិច្ចនៅប្រទេស Belize និង Guatamela គឺជាដំណើរបើកចំហរ ប៉ុន្តែប្រទេសចិនបានធ្វើអាជីវកម្មលើព្រឹត្តិការណ៍ទាំងនេះដោយមានចេតនា។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងចោទថា ដំណើររបស់ លោកស្រីសៃអ៊ឹងវ៉ិន ចេញក្រៅប្រទេសនេះ គឺជាដំណើរដែលបិទបាំងកិច្ចការនយោបាយ ចង់ បំបែកកោះតៃវ៉ាន់ជាកោះឯករាជ្យពីប្រទេសចិន។
ស្ត្រីនាំពាក្យចិនបានថ្លែងថាការឈប់សំចតក្នុងសហរដ្ឋអាមេរិកគឺមូលហេតុក្លែងក្លាយបង្កើត ដោយមេដឹកនាំតៃវ៉ាន់តែប៉ុណ្ណោះ។ មូលហេតុពិតប្រាកដគឺការស្វែងរកច្រកទម្លុះចេញនិងការ ចង់នាំតៃវ៉ាន់ឯករាជ្យចេញពីប្រទេសចិន។ លោកស្រីបានថ្លែងថា «ចិនមិនមែនចេះតែប្រតិកម្ម ហួសហេតុដាក់លើសហរដ្ឋអាមេរិក ដែលធ្វើជាមើលមិនឃើញ ឃុបឃិតនិងបន្តគាំទ្រកម្លាំង ចិនតៃវ៉ាន់ដែលចង់បានឯករាជ្យនោះឡើយ»។
លោកស្រី សៃ អ៊ឹងវិន ក្នុងដំណើរឈប់សំចតក្នុងក្រុងញូយ៉កសប្តាហ៍នេះ សេចក្តីរាយការណ៍ បានបង្ហាញថា លោកស្រីមេដឹកនាំកោះតៃវ៉ាន់ នឹងមានកម្មវិធីជប់លៀងជាមួយចិនតៃវ៉ាន់ អាមេរិកនិងក្រុមចិនតៃវ៉ាន់នៅក្នុងញូយ៉កថែមទៀតនិងនៅថ្ងៃព្រហស្បតិ៍នេះក៏មានការជួប ជាមួយក្រុម Think Tank នៃវិទ្យាស្ថាន Hudson ដែលចិនតៃវ៉ាន់តែងផ្តល់ជំនួយជាសំខាន់ដល់ ក្រុម Think Tank ទាំងនេះ។ លោកស្រី សៃ អ៊ឹងវ៉ិន ត្រូវគេរាយការណ៍ពីការជួបជាមួយនឹងអង្គ ការអាមេរិកមួយ ចំនួនថែមទៀត។
មន្ត្រីនៃពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានថ្លែងព្រមានប្រទេសចិន ថា សូមកុំឱ្យប្រើការឈប់សំចតរបស់លោកស្រីសៃអ៊ឹងវ៉ិនជាលេសដើម្បីបង្កើនសកម្មភាពប្រ ឆាំងនឹងកោះតៃវ៉ាន់។
លោក John Kirby បានថ្លែងថាសហរដ្ឋអាមេរិកដឹងថាស្ថានការណ៍កំពុងតែតានតឹងនាពេល នេះរវាងសហរដ្ឋអាមេរិកនិងចិន ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងត្រូវរក្សាខ្សែទំនាក់ទំនងបើកចំ ហររវាងគ្នាទៅវិញទៅមក។ លោក John Kirby នៅបាននិយាយទៀតថាសហរដ្ឋអាមេរិកចង់ រៀបចំសាជាថ្មីនូវដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ទៅកាន់ប្រទេសចិនសាជាថ្មី បន្ទាក់ការអាក់ខានដោយសារតែព្រឹត្តិការណ៍បាញ់ប៉េងប៉ោង ហោះរបស់ចិនកន្លងមក៕