(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា រុស្ស៉ីពុំគួរមានឋានៈជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ UN នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ថូម៉ាស់-គ្រីនហ្វៀល បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៉ីគឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN។ រុស្ស៉ីមិនគួរមានឋានៈនេះឡើយ ដោយសារតែ អ្វីដែលខ្លួនកំពុងធ្វើនៅអ៊ុយក្រែន»។ យ៉ាងណាក្តី លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានបន្តថា ធម្មនុញ្ញរបស់ UN មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរឋានៈជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៉ីនោះឡើយ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ គឺជាស្ថាប័នអន្តរជាតិកំពូលមួយ ដែលទទួលបន្ទុករក្សាសន្តិភាពនៅលើពិភពលោក។ ក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតនិងធ្វើការសម្រេចចិត្តលើបញ្ហាសន្តិសុខ ដែលសមាជិកទាំងអស់របស់ UN មានកាតព្វកិច្ចត្រូវតែអនុវត្តតាម។ ស្ថាប័ននេះមានសមាជិកប្តូរវេនចំនួន១០ ព្រមទាំងសមាជិកអចិន្រ្តៃយ៍ចំនួន៥ គឺសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង ដែលសុទ្ធតែមានអំណាចវេតូ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីនឹងទទួលតួនាទីជា ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខ បន្តពីម៉ូសំប៊ិក សម្រាប់រយៈពេល១ខែ។ លើកចុងក្រោយ ដែលទីក្រុងមូស្គូបានកាន់តួនាទីនេះ គឺកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាខែដែលរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន។ អ៊ុយក្រែនបានចេញមុខរិះគន់ ការដែលរុស្ស៉ីត្រូវបានអនុញ្ញាតឱ្យធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN ខណៈអាមេរិកបានទទូចឱ្យរុស្ស៉ីប្រព្រឹត្តខ្លួនប្រកបដោយវិជ្ជាជីវៈ ហើយបានអះអាង ពុំមានមធ្យោបាយសម្រាប់រារាំងរុស្ស៉ី មិនឱ្យឡើងកាន់តួនាទីជាប្រធាននោះឡើយ។ តួនាទីជាប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺត្រូវផ្លាស់ប្តូររៀងរាល់ខែ ក្នុងចំណោមប្រទេសជាសមាជិក និងតាមលំដាប់លំដោយតួអក្សរនៅដើមគេ នៃឈ្មោះជាភាសាអង់គ្លេសរបស់សមាជិកទាំងនោះ៕