(ប៉េកាំង)៖ ថ្ងៃទី៣០ ខែមីនា សកម្មភាពក្រោមប្រធានបទ «ដំណើរវប្បធម៌ចិន-អេស្ប៉ាញ» ដែលជាសកម្មភាពដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេស្ប៉ាញ ដោយមានការសហរៀបចំពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញបានចាប់ផ្តើមជាផ្លូវការ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន , លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញ ,លោក Wu Haitao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេស្ប៉ាញនិងលោក Rafael Dezcallar ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំនៅចិនបានអញ្ជើញចូលរួម ពិធីចាប់ដំណើរការតាមអនឡាញហើយថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងក្នុងសុន្ទរកថាវីដេអូថា ឆ្នាំ២០២៣នេះជាខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអេស្ប៉ាញ។ លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ជាក់ហើយថា«កន្លះសតវត្សរ៍កន្លងមក ភាគីទាំងពីរចិននិងអេស្ប៉ាញបានបង្កើត និងអភិវឌ្ឍន៍នូវទំនាក៉ទំនងភាពជាដៃគូយទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជនប្រទេសទាំងពីរ»។ កិច្ចសហប្រតិបត្តិការចិន-អេស្ប៉ាញគឺមានចីរភាព ស្ថិរភាព និងភាពចម្រុះ ដែលបានផ្តល់កម្លាំងចលករឥតឈប់ឈរចំពោះការអភិវឌ្ឍទំនើបកម្ម និងការបើកទូលាយរបស់ប្រទេសទាំងពីរ។ សកម្មភាពលើកនេះនឹងរៀបរាប់ទាំងស្រុងចំពោះប្រវត្តិសាស្ត្រ និងចំណងមិត្តភាពនៃការទាក់ទនងរវាងប្រទេសទាំងពីរ ដែលនឹងរួមគ្នាបើកទំព័រថ្មីនៃការផ្លាស់ប្តូរវប្បធម៌រវាងគ្នា។

លោក Miquel Iceta រដ្ឋមន្ត្រីក្រសួងវប្បធម៌និងកីឡាអេស្ប៉ាញបានចូលរួមអបអរសាទរ និងជូនពរចំពោះសកម្មភាពតាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា វប្បធម៌ហាក់ដូចជាស្ពាននៃការផ្លាស់ប្តូរគ្នាទៅវិញទៅមក ជឿជាក់ថានៅពេលអនាគតចំណងទាក់ទងរវាងគ្នា នឹងកាន់តែខ្លាំងឡើងៗនិងរីកចម្រើនថែមមួយកម្រិតទៀត។ ឥស្សរជនល្បីឈ្មោះច្រើនរូបនៃមជ្ឈដ្ឋានវប្បធម៌ វិចិត្រសិល្បៈ និងកីឡារបស់ប្រទេសចិននិងប្រទេសអេស្ប៉ាញ ក៏បានសម្តែងការជូនពរខួប៥០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតចិន-អេស្ប៉ាញតាមរយៈប្រព័ន្ធវីដេអូផងដែរ។

សូមបញ្ជាក់ថា សកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌ពំអី«ដំណើរវប្បធម៌ចិន-អេស្បាញ»នឹងប្រារព្ធធ្វើពេញឆ្នាំ២០២៣។ ក្នុងអំឡុងពេលនេះ ប៉ុស្តិ៍ទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរៀបចំវេទិកា ចាក់ផ្សាយភាពយន្តឯកសារ «ពីប៉េកាំងដល់ម៉ាឌ្រីដ» ព្រមទាំងផ្សាយផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមនូវកម្មវិធី «ខែវប្បធម៌ចិន-អេស្ប៉ាញ» ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន