(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៣០ ខែមីនា នៅតំបន់ Boao នៃខេត្តហៃណានប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ីនិងថ្លែងសុន្ទរកថាគន្លឹះ។

លោក Li Qiang បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ន អស្ថិរភាព, ភាពមិនប្រាកដប្រជា និងភាពពិបាកព្យាករណ៍ គឺបានជាសភាពការណ៍ទូទៅ។ កាលពី១០ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវ ទស្សនៈសំខាន់នៃសហគមន៍រួមវាសនានៃមនុស្សជាតិ ដែលបានក្លាយជាគំរូភាពនៃវឌ្ឍនភាពរបស់មនុស្សជាតិ ដែលដឹកនាំចរន្តយុគសម័យ និងបានក្លាយជាប្រភពថមពលដែលជំរុញឱ្យ ពិភពលោកមានស្ថិរភាពយូរអង្វែង និងមានវិបុលភាពរួម ។

លោក Li Qiang បានចង្អុលបង្ហាញថា ត្រូវជ្រោងទង់នៃទស្សនៈកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃអាស៊ី ឱ្យក្លាយជាក្បាលម៉ាស៊ីនសម្រាប់ថែរក្សាសន្តិភាពនិងស្ថិរភាពនៃពិភពលោក និងជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការនៃពិភពលោក ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនឡើងៗ សម្រាប់សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។

លោក Li Qiang បានគូសបញ្ជាក់ថា ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពប្រាកដប្រជារបស់ប្រទេសចិន គឺជាសសរទ្រូងនៃការគាំពារនិងថែរក្សាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក។ គោលដៅនិងអនាគតនៃការអភិវឌ្ឍរបស់ចិន ត្រូវបានកំណត់យ៉ាងច្បាស់រួចហើយ។ ប្រទេសចិនដែលមានស្ថិរភាពយូរអង្វែង និងផ្តោតសំខាន់លើការអភិវឌ្ឍ ប្រទេសចិនដែលមានការខិតខំតស៊ូ ដើម្បីបោះជំហានទៅមុខរហូត ប្រទេសចិនដែលមានជំនឿចិត្តលើខ្លួន បើកទូលាយ និងរីករាយចែករំលែក គឺជាកម្លាំងដ៏ធំសម្បើមនៃស្ថិរភាពនិងភាពរុងរឿងនៃពិភពលោក។ កំណើនសេដ្ឋកិច្ចចិនមានសន្ទុះខ្លាំង ភាពរីកចម្រើនក៏ខ្លាំង។ យើងខ្ញុំមានជំនឿចិត្តផង ក៏មានសមត្ថភាពផង ដើម្បីជំរុញនាវាយក្សនៃសេដ្ឋកិច្ចចិន ឱ្យបរផុតព្យុះភ្លៀង បរទៅទីឆ្ងាយដោយនឹងនរ ដែលនឹងរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី , លោក Pedro Sanche នាយករដ្ឋមន្ត្រីអេស្ប៉ាញ , លោក Anwar Adams នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Patrick Achi នាយករដ្ឋមន្រ្តីកូតឌីវ័រ, លោកស្រី Kristali Georgieva ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងតំណាងចំនួន១៥០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារគំនិតនៃប្រទេសនិងតំបន់ជាង ៥០នៃពិភពលោកបានចូលរួមពិធីនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន