(ហ្សាការតា)៖ នៅថ្ងៃសុក្រនេះ ឥណ្ឌូណេស៉ីនិងរុស្ស៉ីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពីការធ្វើបត្យាប័ន ដោយរដ្ឋមន្រ្តីយុត្តិធម៌ឥណ្ឌូណេស៉ី បានបង្ហាញការស្វាគមន៍ចំពោះការសម្រេចបាននេះ ដោយលើកឡើងថា វានឹងជួយពង្រឹងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងព្រំដែន រួមមានចាប់ពីការលាងលុយ រហូតដល់បទឧក្រិដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីយុត្តិធម៌ឥណ្ឌូណេស៉ី លោក យ៉ាសូនណា ឡាវលី (Yasonna Laoly) និងរដ្ឋមន្រ្តីយុត្តិធម៌រុស្ស៉ី លោក កូនស្តាន់ទីន ឈូឆេនកូ (Konstantin Chuychenko) ក្នុងពិធីមួយដែលត្រូវបានរៀបចំឡើង នៅកោះបាលីរបស់ប្រទេសឥណ្ឌូណេស៉ី។ លោក យ៉ាសូនណា បាននិយាយដូច្នេះថា «វាមានសារសំខាន់ជាខ្លាំង ដ្បិតវានឹងជួយយើងដោះស្រាយបទឧក្រិដ្ឋឆ្លងព្រំដែន ដូចជាបទល្មើសព័ត៌មានវិទ្យា ការលាងលុយកខ្វក់ គ្រឿងញៀន និងអំពើពុករលួយ ជាដើម»។
ឥណ្ឌូណេស៉ីមានទំនាក់ទំនងការទូតជាមួយរុស្ស៉ី ចាប់តាំងតែពីឆ្នាំ១៩៥០មកម្ល៉េះ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏នៅតែបន្តមានលក្ខណៈល្អប្រសើរដដែលផងដែរ ទោះស្ថិតក្រោមបរិបទសង្រ្គាមអ៊ុយក្រែនក៏ដោយ។ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនិងទីក្រុងកៀវថែមទៀតផង កាលពីឆ្នាំមុន ដើម្បីព្យាយាមជួយបំផុសកិច្ចចរចាសន្តិភាពឡើងវិញ ក៏ដូចជាដើម្បីស្វែងរកមធ្យោបាយ ដើម្បីរំដោះគ្រាប់ធញ្ញជាតិបន្ថែមទៀត ចេញទៅកាន់ទីផ្សារសកល។
គួរបញ្ជាក់ថា ប្រជាជនរុស្ស៉ីស្ថិតក្នុងចំណោមក្រុមទេសចរបរទេសធំៗបំផុត ដែលធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៉ី។ គិតចាប់តាំងពីវិធានការរឹតត្បិតសំដៅបង្ការកូវីដ១៩ ត្រូវបានបន្ធូរបន្ថយមក ពលរដ្ឋរុស្ស៉ីលើសពី៧៧,៥០០នាក់ បានមកដល់ឥណ្ឌូណេស៉ីកាលពីចន្លោះខែកញ្ញា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣៕