(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ យន្តហោះយោធាចិនសរុបចំនួន៩គ្រឿង បានធ្វើដំណើរឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើប្រតិបត្តិការល្បាតក្នុងលក្ខណៈពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ខណៈទីក្រុងតៃប៉ិបានថ្កោលទោសថា វាគឺជាចល័តដែលមិនសមហេតុសមផល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះយោធាចិនទាំង៩គ្រឿង បានហោះឆ្លងនៅម្តុំចំណុចភាគខាងជើង ខាងត្បូង និងកណ្តាល នៃខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាព្រំប្រទល់មិនផ្លូវការរវាងភាគីទាំងពីរ។ យោធាតៃវ៉ាន់ក៏បានធ្វើការឆ្លើយតបទៅវិញ តាមរយៈការចល័តយន្តហោះ និងនាវារបស់ខ្លួន ដើម្បីឃ្លាំមើលស្ថានការណ៍។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា ការចល័តយន្តហោះយោធាចិនខាងលើ គឺទង្វើបង្កភាពតានតឹងដោយចេតនា នៅច្រកសមុទ្រតៃវ៉ាន់ ហើយមិនត្រឹមប៉ះពាល់ដល់ សុខសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះទេ តែក៏ជះឥទ្ធិពលអវិជ្ជមានទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។ ក្រសួងការពារជាតិតៃវ៉ាន់ បានថ្កោលទោសទង្វើរបស់ចិនថា ជាសកម្មភាពដែលមិនសមហេតុសមផលទាល់តែសោះ។
គួរបញ្ជាក់ថា ទោះបីទីក្រុងប៉េកាំងមិនដែលទទួលស្គាល់ជាផ្លូវការ ចំពោះខ្សែបន្ទាត់មេដ្យាននៅច្រកសមុទ្រតៃវ៉ាន់ក៏ដោយ យោធាចិនទើបតែបានចាប់ផ្តើម ចល័តនាវានិងយន្តហោះយោធាឱ្យឆ្លងកាត់វា បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំមុន ដោយលោកស្រី ណានស៉ី ផេឡូស៉ី ដែលកាលណោះនៅជាប្រធានសភាតំណាងរាស្រ្តអាមេរិក ប៉ុណ្ណោះ។ ពេលនោះភាពតានតឹងបានកើនឡើងយ៉ាងក្តៅគគុក នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
ដោយឡែកឥឡូវនេះ កម្តៅភាពតានតឹងហាក់កំពុងកើនឡើងជាថ្មី ស្របពេលដែលមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន កំពុងស្ថិតនៅសហរដ្ឋអាមេរិក ក្នុងដំណើរបំពេញទស្សនកិច្ចឆ្ពោះទៅកាន់តំបន់អាមេរិកកណ្តាល។ លោកស្រី សៃ ត្រូវគេរំពឹងថានឹងជួបជាមួយលោក ខេវិន ម៉ាកខាធី ដែលជាប្រធានសភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្ន ក្នុងទីក្រុងឡូសអាន់ជេឡេស នៅតាមផ្លូវត្រឡប់ទៅកាន់តៃវ៉ាន់វិញ ក្នុងខែមេសាខាងមុខ។ ក្នុងសប្តាហ៍នេះ ទីក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឺកដីរបស់ប្រទេសចិននោះ បានចេញមុខព្រមានធ្ងន់ៗរួចជាស្រេចហើយថា ខ្លួនមុខជានឹងចាត់វិធានការសងសឹក ប្រសិនបើជំនួបរវាងលោកស្រី សៃ ហើយនិងលោក ម៉ាកខាធី ពិតជាកើតឡើងមែន៕