(ញូដេលី)៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃសុក្របាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារតែធ្លាក់ចូលក្នុងរណ្តៅថ្មមួយកន្លែង ដែលជាទីគោរពបូជាសាសនាហិណ្ឌូមួយ ក្នុងប្រទេសឥណ្ឌានោះ បានកើនឡើងដល់ចំនួន ៣៥នាក់ហើយ ខណៈ១៦នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

លោក អ៉ីឡាយ៉ារ៉ាចា ធី (Ilayaraja T) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានគូសបញ្ជាក់ថា «យើងបានជួយសង្គ្រោះមនុស្ស ១៨នាក់។ ដោយឡែក មនុស្សចំនួន ៣៥នាក់បានស្លាប់និង ១៦នាក់រងរបួស»។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់ទាហានចំនួន ៧៥នាក់ និងបុគ្គលិកសង្គ្រោះបានធ្វើការពេញមួយថ្ងៃដើម្បីយកកម្ទេចកម្ទី ដោយប្រើខ្សែពួរ និងជណ្ដើរទាញមនុស្ស ដែលបានធ្លាក់ចូលទៅក្នុងអណ្តូង។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលក្រុមអ្នកកាន់សាសនា បានប្រមូលផ្តុំគ្នានៅប្រាសាទមួយក្នុងទីក្រុងអ៉ីនឌ័រ (Indore) ដើម្បីប្រារព្ធពិធីបុណ្យហិណ្ឌូ Ram Navami កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕