(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីចាប់ផ្តើមដំណើរការកែនពលរដ្ឋចំនួន ១៤៧,០០០នាក់ ឱ្យចូលបំពេញកាតព្វកិច្ច ដែលធ្វើឡើងជាប្រចាំកំលុងនិទាឃរដូវ។ នេះបើយោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

បុរសទាំងអស់នៅក្នុងប្រទេសរុស្ស៉ីដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ ២៧ឆ្នាំ ត្រូវបានច្បាប់តម្រូវឲ្យចូលបំពេញកាតព្វកិច្ចយោធា រយៈពេលមួយឆ្នាំ ឬការហ្វឹកហ្វឺនដែលមានសមមូលគ្នា ប្រសិនបើកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សា។ ជាមធ្យម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សប្រហែល ១៣០,០០០នាក់ ត្រូវបានកោះហៅ កំលុងយុទ្ធនាការនិទាឃរដូវ (រដូវស្លឹកឈើជ្រុះ) នីមួយៗ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ លោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាឲ្យកែនមនុស្សចំនួន ១២០,០០០នាក់ សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ។ ដកស្រង់ប្រភពពីក្រសួងការពារជាតិ នៅពេលនោះ TASS បានរាយការណ៍ថា កាកែនយោធិននោះ មិនទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនោះទេ ដែលជាពាក្យផ្លូវការរបស់រុស្ស៉ី សម្រាប់ហៅសង្គ្រាមឈ្លានពានរបស់ខ្លួន នៅអ៊ុយក្រែន៕