(ឡាអេ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្តីសម្រេចថា ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ការអនុញ្ញាតដោយខុសច្បាប់ ឱ្យតុលាការរបស់ខ្លួនរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៉ីរ៉ង់មួយចំនួន ហើយបានបញ្ជាឱ្យសហរដ្ឋអាមេរិកត្រូវតែផ្តល់សំណង ប៉ុន្តែមិនទាន់កំណត់បរិមាណ នៃសំណងនោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

ឆ្លើយតបនឹងសេចក្តីប្រកាសខាងលើ ក្រសួងការបរទេសអ៉ីរ៉ង់បានអះអាងពីជ័យជម្នះ ដោយនិយាយថា ការសម្រេចចិត្តរបស់ ICJ គឺជា​ភស្តុតាងនៃភាពត្រឹមត្រូវរបស់អ៉ីរ៉ង់ និងការរំលោភបំពានរបស់រដ្ឋាភិបាលអាមេរិក។ យ៉ាងណាមិញ តុលាការ ICJ បាននិយាយថា ខ្លូនពុំមានយុត្តាធិការទៅលើថវិកាចំនួន១.៧៥ពាន់លានដុល្លារ នៃទ្រព្យសកម្មរបស់ធនាគារកណ្តាលអ៉ីរ៉ង់ ដែលត្រូវបានបង្កកនៅអាមេរិកឡើយ។ ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានធ្លាក់ដុនដាប់កាន់តែខ្លាំង បន្ទាប់ពីកិច្ចប្រឹងប្រែងស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់និងក្រុមប្រទេសមហាអំណាចធំៗរបស់ពិភពលោក បានជាប់គាំង បូករួមជាមួយការដែលដ្រូនផលិតដោយអ៉ីរ៉ង់ ត្រូវបានប្រើប្រាស់ដោយរុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែនថែមទៀត។

គួរបញ្ជាក់ថា សេចក្តីសម្រេចខាងលើរបស់ ICJ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ គឺមានកាតព្វកិច្ចត្រូវប្រតិបត្តិតាម ប៉ុន្តែតុលាការអន្តរជាតិនេះ ពុំមានមធ្យោបាយដើម្បីបង្ខំឱ្យអនុវត្តសេចក្តីសម្រេចរបស់ខ្លួនទេ។ សហរដ្ឋអាមេរិកក៏ដូចជាអ៉ីរ៉ង់ សុទ្ធតែ​ស្ថិតនៅក្នុងចំណោមក្រុមប្រទេសមួយចំនួន ដែលធ្លាប់បានមិនអើពើឡើយចំពោះការសម្រេចចិត្តរបស់ ICJ នាពេលកន្លងមក៕