(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតវិមានបានអំពាវនាវឱ្យរុស្ស៉ីប្រព្រឹត្តខ្លួនប្រកបដោយវិជ្ជាជីវៈ ពេលត្រូវទទួលតួនាទីជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) នៅខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយក្នុងសន្និសីទសារព័ត៌មានជាប្រចាំយ៉ាងដូច្នេះថា «យើងទទូចឱ្យរុស្ស៉ីប្រព្រឹត្តខ្លួន ប្រកបដោយវិជ្ជាជីវៈ។ យើងរំពឹងថារុស្ស៉ីច្បាស់ជានឹងបន្តប្រើប្រាស់កៅអីរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីចែកចាយព័ត៌មានមិនពិត ហើយបង្កើតលេសការពារសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន»

ទន្ទឹមគ្នានេះ លោកស្រី ហ្សង់ព្យែរ បានបន្ថែមថា គួរឱ្យសោកស្តាយ ដែលរុស្ស៉ីគឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ដូច្នេះ​វាមិនមានមធ្យោបាយផ្លូវច្បាប់ជាអន្តរជាតិអ្វី ដែលអាចទៅរួចដើម្បីរារាំងរុស្ស៉ីមិនឱ្យត្រូវទទួលតួនាទីជាប្រធានប្តូរវេន តាមការកំណត់នោះ​ឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែនបានចេញមុខរិះគន់ចំពោះ ការអនុញ្ញាតឱ្យរុស្ស៉ីនៅតែអាចឡើងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ UN នៅខែក្រោយនេះ។

គួរបញ្ជាក់ថា តួនាទីជាប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺត្រូវផ្លាស់ប្តូររៀងរាល់ខែ ក្នុងចំណោមប្រទេសជាសមាជិក និងតាមលំដាប់លំដោយតួអក្សរនៅដើមគេ នៃឈ្មោះជាភាសាអង់គ្លេសរបស់សមាជិកទាំងនោះ។ លើកចុងក្រោយដែលរុស្ស៉ីដល់វេនត្រូវធ្វើ​ជាប្រធានបែបនេះ គឺកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាខែដែលរុស្ស៉ីបានចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន៕