(វ៉ាស៉ីនតោន)៖ កងទ័ពអាមេរិក បាននិយាយនៅព្រហស្បតិ៍ថា ទាហានចំនួន ៩នាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រសម្រាប់ជម្លៀសពេលមានរបួសពីរគ្រឿង អំឡុងការហ្វឹកហ្វឺនពេលយប់នៅលើរដ្ឋខេនទួគី (Kentucky) របស់សហរដ្ឋអាមេរិក ដែលជាឧបទ្ទវហេតុគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយរបស់យោធាអាមេរិក មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

សមាជិកពិឡុត ដែលប្រើវ៉ែនតាសម្រាប់មើលពេលយប់ បានធ្វើការហោះហើរដោយប្រើឧទ្ធម្ភាគចក្រ HH-60 និង Black Hawk ដែលដំណើរការដោយកងពលធំទី១០១ នៃកងទ័ពអាកាសអាមេរិក មុនពេលធ្លាក់នៅលើវាលស្រែមួយកន្លែងនៃតំបន់ទ្រីគ (Trigg) ក្នុងរដ្ឋ Kentucky កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ឧទ្ធម្ភាគចក្រមួយគ្រឿងមានទាហាន ៥នាក់ ខណៈមួយគ្រឿងផ្សេងទៀតមាន ៤នាក់នៅលើនោះ។ ឧទ្ធម្ភាគចក្រ HH-60 កែច្នៃពីឧទ្ធម្ភាគចក្រ Black Hawk ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការយោធាផ្សេងៗ រួមទាំងការវាយលុកតាមអាកាស និងការជម្លៀសផ្នែកវេជ្ជសាស្រ្ត ជាដើម។

លោកឧត្តមសេនីយទោ ចន លូបាស់ (John Lubas) ដែលជាមេបញ្ជាការរងនៃកងពលធំទទួលបន្ទុកប្រតិបត្តិការ បាននិយាយថា រហូតមកដល់ពេលនេះគេដឹងបានតិចតួចប៉ុណ្ណោះពីមូលហេតុដែលឧទ្ធម្ភាគចក្រនោះធ្លាក់ ហើយលោកទទួលស្គាល់ថា លោកនៅមិនច្បាស់ទេថាតើឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនោះ បានប៉ះទង្គិចគ្នាដែរឬអត់។ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ក្រុមស៊ើបអង្កេតសុវត្ថិភាពយន្តហោះមកពីទីបញ្ជាការហ្វត រូកឃឺ (Fort Rucker) ក្នុងរដ្ឋអាឡាបាម៉ា (Alabama) នឹងមកពិនិត្យមើលទិន្នន័យក្នុងកុំព្យូទ័រនៅលើយន្តហោះ ដែលស្រដៀងគ្នានឹងប្រអប់ខ្មៅនៃយន្តហោះធម្មតា។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍ ធាតុអាកាសក្នុងតំបន់ហ្វត ខេមបែល (Fort Campbell) ដែលជាប់ព្រំប្រទល់រវាងរដ្ឋ Kentucky និងរដ្ឋធេនណេសស៉ី (Tennessee) មានផ្ទៃមេឃស្រឡះ និងស្ងប់ខ្យល់ កាលពីយប់ថ្ងៃពុធ។ បន្ទាយ Fort Campbell របស់កងពលធំទ័ពអាកាសទី១០១ គឺជាមូលដ្ឋានយោធាដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៨ ក៏ធ្លាប់មានទាហានអាមេរិក ២នាក់ស្លាប់ ដោយសារតែធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេលហ្វឹកហាត់នេះដែរ៕