(តួក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើក ដំបូងបំផុតរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងរយៈពេល៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសជប៉ុន លោក ហាយ៉ាស៉ិ នឹងបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ទៅកាន់ទីក្រុងប៉េកាំងជាទីដែលលោកត្រូវជួបពិភាក្សាការងារជាមួយសមភាគីចិន លោក Qin Gang។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ហាយ៉ាស៉ិ ក្លាយជារដ្ឋមន្ត្រីការបរទេសជប៉ុនដំបូងដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង បានស្គាល់ភាពតានតឹងនឹងគ្នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលជប៉ុនបង្ហាញការព្រួយបារម្ភពីការកើនឡើងឥទ្ធិពល ចិននៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងកើត ជាទីដែលប្រទេសទាំង២ កំពុងមានជម្លោះដែនទឹកនឹងគ្នាជុំវិញទីប្រជុំកោះស៉ិនកាគូ (Senkakus) ឬចិនហៅថាដាយយូតាវ (Diaoyudao)។ ក៏ប៉ុន្តែ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបមុខគ្នាដោយផ្ទាល់នាឱកាសចូលរួមក្នុងកិច្ចប្រជុំ កំពូលមួយក្នុងទីក្រុងបាងកក ហើយបានសន្យាថានឹងបន្តការទាក់ទងគ្នាកម្រិតខ្ពស់៕