(វ៉ាស៉ីនតោន)៖ សេតវិមាន នៅព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា រុស្ស៊ីកំពុងស្វែងរកអាវុធបន្ថែមពីកូរ៉េខាងជើងសម្រាប់ធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ដោយបង្ហាញអត្តសញ្ញាណ បុរសជនជាតិស្លូវ៉ាគីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានឲ្យដឹងថា បុរសជនជាតិស្លូវ៉ាគីរូបនោះឈ្មោះ អាសត មេខឺទីឆេវ (Ashot Mkrtychev) អាយុ ៥៦ឆ្នាំ មកពីរដ្ឋធានីប្រាទីស្លាវ៉ា (Bratislava) កំពុងតែជួញដូរអាវុធ និងធ្វើការលើកិច្ចព្រមព្រៀងដោះដូររវាងរុស្ស៉ី និងកូរ៉េខាងជើង នៅចន្លោះពីចុងឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៣នេះ។

លោក ខឺប៊ី បានគូសបញ្ជាក់ថា «យើងមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្ម ដើម្បីទទួលបានគ្រាប់រំសេវ បន្ថែមទៀតពីកូរ៉េខាងជើង។ ដោយមានការគាំទ្រពីមន្ត្រីរុស្ស៊ី លោក មេខឺទីឆេវ បាន និងកំពុងព្យាយាមធ្វើជាឈ្មួញកណ្ដាល លើកិច្ចព្រមព្រៀងលក់អាវុធជាសម្ងាត់ រវាងរុស្ស៊ី និងកូរ៉េខាងជើង»។ ដោយផ្អែកលើរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលបានដាក់លោក មេខឺទីឆេវ ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់ខ្លួននោះ លោក ខឺប៊ី បានបន្ថែមថា «ចំពោះកូរ៉េខាងជើង ការបញ្ជូនអាវុធ និងគ្រាប់រំសេវគឺមានច្រើនជាង១២លើក ទៅកាន់ប្រទេសរុស្ស៊ី។ ជាថ្នូរនឹងគ្នា ទីក្រុងព្យុងយ៉ាង ទទួលបានមកវិញនូវសាច់ប្រាក់ យន្តហោះ សម្ភារៈ និងវត្ថុធាតុដើមផ្សេងៗ»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៉ី នឹងក្លាយជាការបំពានជាក់ស្តែងលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជារឿយៗ ទីក្រុងព្យុងយ៉ាងតែងបដិសេធការចោទប្រកាន់ទាំងនេះ៕