(ញូវយ៉ក)៖ មេដឹកនាំកោះតៃវ៉ាន់ លោក សៃ អ៉ីងវិន បានសម្ដែងការសាទរដល់ទំនាក់ទំនងរបស់ទីក្រុងតៃប៉ិ ជាមួយទីក្រុងវ៉ាស៊ីនតោន កំលុងការឈប់សំចតក្នុងទីក្រុងញូវយ៉ក ក្នុងដំណើរ របស់លោកស្រីឆ្ពោះទៅកាន់តំបន់អាមេរិកកណ្ដាល ជាដំណើរឈប់សំចតមួយលើទឹកដីអាមេរិកដែលរងការថ្កោលទោសពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោកស្រី សៃ អ៉ីងវិន បានឱ្យដឹងទៀតថា កំលុងសុន្ទរកថាបិទទ្វារមួយក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោកស្រី សៃបាននិយាយថាទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង នាពេល បច្ចុប្បន្ន មានភាពស្អិតល្មួតនឹងគ្នាមិនធ្លាប់មានពីមុនមក ហើយក៏បានសង្កត់ធ្ងន់ ពីភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោកស្រី ក៏បានសម្ដែងការពេញចិត្តផងដែរដែលតៃវ៉ាន់បានក្លាយជានិមិត្តរូប នៃប្រជាធិបតេយ្យក្នុងតំបន់អាស៊ី ហើយថាកោះតៃវ៉ាន់នឹងមិនឯកោឡើយ ទោះជាមានបញ្ហាជាច្រើនកំពុងប្រឈមក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្សដែលបានចូលរួមក្នុងកិច្ចសន្ទនាជាមួយលោកស្រី សៃ ក្នុងនោះរួមមាន អភិបាលរដ្ឋ New Jersey លោក ហ្វីល មឺហ្វី (Phil Murphy) និងលោកស្រី ឡូរ៉ា រ៉ូសិនប៊ឺហ្គឺ (Laura Rosenberger) ដែលជាប្រធានវិទ្យាស្ថាន American Institute in Taiwan ដែល «ធ្វើប្រតិបត្តិការសឹងតែដូចជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់»។ លោកស្រី សៃ នឹងបន្តធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ា និងបេលី ហើយក៏មានគម្រោងឆ្លងកាត់ និងឈប់សំចតក្នុងទីក្រុងឡូស អាន់ជែលឡែសផងដែរ ជាទីដែលលោកស្រីអាចនឹងជួបជាមួយ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី។ ប៉ុន្តែ ចិនបានព្រមានថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើជំនួបនេះពិតជាកើតឡើងមែននោះ៕