(ញូវយ៉ក)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆយនៃសង្កាត់ ​Manhattan ទីក្រុងញូវយ៉ក ចោទប្រកាន់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយ ការស៊ើបអង្កេតមួយជុំវិញការសូកប៉ាន់បំបិតមាត់តារាភាពយន្ដអាសអាភាសនាង Stormy Daniels។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។

តាមរយៈការចោទប្រកាន់ខាងលើ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និង កើតមានឡើង ខណៈលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នោះដែរ លោក ត្រាំ នៅតែប្រកាន់ជំហរបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដដែល ហើយបានអះអាងថាលោកមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់នោះទេ។ «នេះជាការធ្វើទុក្ខបុក្ខម្នេញនយោបាយ និងជាការលូកលាន់ការបោះឆ្នោតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ»។ នេះជាការគូសបញ្ជាក់របស់ លោក ដូណាល់ ត្រាំ ដោយមិនបានផ្ដល់ភស្តុតាងអ្វីឡើយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានសូកប៉ាន់ប្រាក់ ១៣០,០០០ដុល្លារ ឱ្យទៅតារាភាពយន្ដអាសអាភាសនាង Stormy Daniels កុំឱ្យនិយាយពី ទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ កាលពីឆ្នាំ២០០៦ ហើយបទល្មើសនេះបានកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។ លោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថានឹងបង្ហាញខ្លួនដោយស្ម័គ្រចិត្ត នៅក្នុងសវនាការមួយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លោក ដូណាល់ ត្រាំធ្លាប់បានប្រាប់ក្រុមអ្នកគាំទ្រថារូបលោកអាចនឹងត្រូវបាន គេចាប់ខ្លួន ហើយអំពាវនាវឱ្យក្រុមអ្នកគាំទ្ររូបលោកធ្វើបាតុកម្មតវ៉ា ដែលនេះបាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះឡើងអំពើហិង្សា ដូចកាលពីពេលដែលក្រុមអ្នកគាំទ្ររបស់ លោក ចូលអុកឡុកវិមានសភា កាលពី២០២១។