(ញូវដែលី)៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់អ្នកបូជាសាសនាចំនួន ១៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីពួកគេបានធ្លាក់ចូលទៅក្នុងអណ្ដូងនៅទីគោរពបូជាសាសនាហិណ្ឌូមួយក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

លោក Narottam Mishra ជាអាជ្ញាធរតំបន់បានប្រាប់អ្នកយកព័ត៌មានថា «ប៉ូលីសបានរកឃើញសាកសពចំនួន ១១នាក់ពីអណ្តូង ហើយមនុស្ស ២នាក់បានស្លាប់ដោយសាររបួសនៅពេលបញ្ជូនដល់មន្ទីរពេទ្យ»។

លោក Mishra បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះឧបទ្ទវហេតុនេះ ហើយក្រុមគ្រួសារនៃអ្នកស្លាប់នឹងត្រូវបានផ្តល់សំណង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅឡើយ ហើយអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាលដើម្បីព្យាបាល។

ប្រាសាទនានាទូទាំងប្រទេសឥណ្ឌាបានពោរពេញដោយអ្នកគោរពបូជាក្នុងឱកាសពិធីបុណ្យ Ram Navami ដែលជាខួបកំណើតរបស់ព្រះអម្ចាស់រ៉ាម៉ា៕