(វ៉ាស៉ីនតោន)៖ មុនពេលបញ្ជាឱ្យកងទ័ពចូលឈ្លានពានប្រទេសអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) បានចោទប្រកាន់ថាអ៉ីរ៉ាក់របស់សាដាំ ហូសេន បានលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ តែក្រោយរកមិនឃើញអាវុធនុយក្លេអ៊ែរ លោក ប៊ូស និងក្រុមអ្នកនយោបាយអាមេរិក បានហៅសង្រ្គាមឈ្លានពានរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ ថា «ជាប្រតិបត្តិការដើម្បីសេរីភាព ប្រជាធិបតេយ្យ និងភាពរុងរឿង របស់ប្រជាជនអ៉ីរ៉ាក់»។

កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅនេះ គឺជាខួបលើកទី២០ នៃសង្រ្គាមនៅអ៉ីរ៉ាក់ ដែលត្រូវបានអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Kofi Annan បរិហារថាជាសង្រ្គាមខុសច្បាប់ប្រឆាំងនឹងអ៉ីរ៉ាក់ ប្រព្រឹត្តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅ២០ឆ្នាំក្រោយ អ៉ីរ៉ាក់នៅតែមិនមែនជាប្រទេសមាន ប្រជាធិបតេយ្យពេញលេញ ហើយក៏មិនរុងរឿងគួរឱ្យកត់សម្គាល់នោះដែរ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺក្នុងរយៈពេល២០មកនេះ គេនៅតែមិនបាន ឃើញឡើយនូវការទទួលខុសត្រូវចំពោះ «ការភូតកុហក» ដែលប្រឌិតឡើងដោយលោក លោក ប៊ូស និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ (Tony Blair)។

ផ្ទុយទៅវិញ ប្រធានាធិបតីអាមេរិកសព្វថ្ងៃ លោក ចូ បៃដិន បានបង្ហាញការខឹងសម្បារ និងថ្កោលទោសជាបន្តបន្ទាប់ ហើយថែមទាំងបានហៅលោក ពូទីន ជា «ឧក្រិដ្ឋជនសង្រ្គាម» ទៀតផង ក្រោយរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ ជាការពិតណាស់ សង្រ្គាមរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែនជាទង្វើឃោរឃៅ និង ផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ ចុះសង្រ្គាមឈ្លានពានរបស់លោក ប៊ូស នៅអ៉ីរ៉ាក់ គឺជាអ្វីទៅវិញ? ជាសង្រ្គាមមនុស្សធម៌ ឬជាសង្រ្គាមដើម្បីប្រជាជនអ៉ីរ៉ាក់? បើតាម វិទ្យាសា្ថន Project on Defence Alternatives មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ជនជាតិអ៉ីរ៉ាក់ ១៥,០០០នាក់ ក្នុងនោះរួមមានជនស៊ីវិល ៤,៣០០នាក់ ត្រូវបានសម្លាប់នៅប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាម។ ចំណែកឯ របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថាជនស៊ីវិលអ៊ុយក្រែន ៨,០០០នាក់ បានស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

ក៏ប៉ុន្តែ ខណៈរុស្ស៉ីកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បណ្ដាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន គេមិនដែលឃើញឡើយទណ្ឌកម្មប្រឆាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស លោក ប៊ូស និង លោក ប្ល៊ែរ។ សម្រាប់អ្នកតាមដានសង្រ្គាមឈ្លានពានរបស់រុស្ស៉ី អាចនឹងដឹងថាទាំងលោក ប៊ូស និងលោក ពូទីន បានប្រើប្រាស់ភាសាមិនខុសគ្នាប៉ុន្មាននោះទេ មុននឹងចាប់ផ្ដើម ធ្វើសង្រ្គាម។ នៅមុនចូលឈ្លានពានអ៉ីរ៉ាក់ លោក ប៊ូស បានប្រើ «ពាក្យសេរីភាព រំដោះ និងសង្រ្គាមប្រឆាំងភេរវករ» ដើម្បីធ្វើជាសំអាងភាពត្រឹមត្រូវនៃសង្រ្គាម របស់លោក។ ចំណែកឯ លោក ពូទីនវិញ ក៏មិនខុសគ្នានោះដែរដោយលោកបានអះអាងថាសង្រ្គាមឈ្លានពានរបស់លោក ក្រោម «ស្លាកប្រតិបត្តិការយោធា ពិសេស» ធ្វើឡើងដើម្បី «រំដោះអ៊ុយក្រែនពីរបបណាហ្ស៉ី និងទប់ស្កាត់អំពើភេរវកម្មនៅក្នុងតំបន់»។

ភាពប្រទាក់ក្រឡាគ្នាបែបនេះឯង វាបានធ្វើឱ្យលោក ប៊ូស ទទួលរងការរិះគន់ នៅពេលដែលលោកព្យាយាមថ្កោលទោសសង្រ្គាមឈ្លានពានរបស់លោក ពូទីន កាលពីឆ្នាំ២០២២ ដោយលោកភ្លេចគិតថារូបលោកធ្លាប់បានធ្វើអ្វីដាក់ប្រជាជនអ៉ីរ៉ាក់កាលពី២០ឆ្នាំមុន។ នៅក្នុងសុន្ទរកថាមួយកាលពីខែឧសភា ឆ្នាំ២០២២ ក្នុងចេតនារិះគន់ប្រព័ន្ធនយោបាយរុស្ស៉ី លោក ប៊ូស បែរជាគ្រលៀសអណ្ដាតរបស់ខ្លួនឯងមិនទាន់ ដោយទទួលស្គាល់ដោយចៃដន្យថាសង្រ្គាមរបស់លោកនៅ អ៉ីរ៉ាក់ជាសង្រ្គាមឈ្លានពានខុសច្បាប់ និងសាហាវឃោរឃៅ។ «លទ្ធផលនោះគឺដោយសារតែអវត្តមានតុល្យភាពអំណាចនៅក្នុងប្រទេសរុស្ស៉ី ហើយបុរសម្នាក់បាន សម្រេចចិត្តធ្វើសង្រ្គាមឈ្លានពានដោយខុសច្បាប់ និងឃោរឃៅលើអ៉ីរ៉ាក់»។ នេះជាការលើកឡើងរបស់លោក ប៊ូស មុននឹងលោកកែតម្រូវវិញភ្លាមៗថា «ឃ្លាអ៉ីរ៉ាក់» គឺលោកចង់សំដៅលើអ៊ុយក្រែន។

ទាំងលោក ប៊ូស និងលោក ពូទីន សុទ្ធតែបានភូតកុហកសាធារណៈមតិពិភពលោក ដើម្បីធ្វើសង្រ្គាមឈ្លានពាន។ កាន់តែដូចគ្នាទៅទៀត លោក ប៊ូសបានអះអាងថា អ៉ីរ៉ាក់របស់សាដាំ ហូសេន បានលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ រីឯលោក ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាមានបំណងប្រើប្រាស់អាវុធគីមី។ នៅក្នុងសង្រ្គាម ឈ្លានពានរបស់លោក ប៊ូសទៅវិញទេដែលត្រូវបានគេរាយការណ៍ថា ទាហានអាមេរិកបានប្រើប្រាស់អាវុធមានផ្ទុកសារធាតុ «ផូស្វ័រពណ៌ស» ក្នុងទីក្រុង Fallujah ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងខ្លាំងសុខភាពមនុស្ស។ តែទោះជាបែបនេះក្ដី លោក ប៊ូស នៅតែអាចរួចខ្លួនពីការទទួលខុសត្រូវមកទល់សព្វថ្ងៃ ហើយសូម្បីតែអតីត រដ្ឋមន្ត្រីការពារជាតិ លោក Donald Rumsfeld និងរដ្ឋមន្ត្រីការបរទេស លោក Colin Powell ដែលសុទ្ធសឹងជាស្ថាបនិកសង្រ្គាមអ៉ីរ៉ាក់ បានទទួលមរណភាពទៅ ដោយមិនបានប្រឈមមុខនឹងតុលាការអ្វីទាំងអស់។

លោក ប៊ូស បានដកសហរដ្ឋអាមេរិកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មុនលោកបញ្ជូនកងទ័ពចូលឈ្លានពានអ៉ីរ៉ាក់។ នេះមានន័យថាវាសឹងតែមិនអាចទៅ រួចឡើយដែលគេចង់កាត់ទោសមេដឹកនាំអាមេរិក ឬយោធាអាមេរិក ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ ជាឧទាហរណ៍ជាក់ស្ដែង នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពោលគឺនៅពេលរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda ចង់បើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថាទាហានអាមេរិក បានប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២០ រដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មប្រឆាំងនឹងលោកស្រី ដែលនេះដូចគ្នាទៅនឹងអ្វីដែលលោក ពូទីន បានបើកសំណុំរឿងប្រឆាំងនឹងរដ្ឋអាជ្ញា ICC។

គួរបញ្ជាក់ថា ជនជាតិអ៉ីរ៉ាក់យ៉ាងហោច ៨០០,០០០នាក់បានស្លាប់នៅក្នុងសង្រ្គាមឈ្លានពានរបស់លោក ប៊ូស។ អ្នកដែលហ៊ានចេញមុខប្រឆាំងនឹងការគ្រប់គ្រង របស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ ត្រូវបានចាត់ទុកថាជាក្រុមឧទ្ទាមខុសច្បាប់។ ដោយឡែក អ្នកដែលងើបឡើងប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ត្រូវបានហៅថាជា «វីរជន» ហើយប្រជាជនអ៊ុយក្រែនទទួលបានការកោតសរសើរយ៉ាងខ្លាំង ដែលអាចបង្កើតគ្រាប់បែកសាំងជាអាវុធការពារខ្លួនប្រឆាំងនឹងរុស្ស៉ី។

ក៏ប៉ុន្តែ គួរឱ្យស្ដាយនៅពេលដែលសកម្មភាពតស៊ូដូចគ្នានេះបានកើតឡើងនៅអ៉ីរ៉ាក់ ឬប៉ាឡេស្ទីន បែរជាត្រូវបានគេចាត់ទុកថាជាភេរវកម្ម ឬភេរវករទៅវិញ។ មិនថា ប្រជាជនអ៊ុយក្រែន ឬប្រជាជនអ៉ីរ៉ាក់ សុទ្ធតែជាជនរងគ្រោះនៃសង្រ្គាមឈ្លានពានរបស់ពួកមហាអំណាច។ ដូច្នេះបើប្រជាជនអ៊ុយក្រែនសមនឹងទទួលបានយុត្តិធម៌ និងកម្លាំងសាមគ្គីភាព នោះប្រជាជនអ៉ីរ៉ាក់ក៏សមនឹងទទួលបានដូចគ្នាដែរ។ តែណ្ហើយ ពិភពលោកមួយនេះដែលយើងកំពុងរស់នៅ វាមិនមែនល្អឥតខ្ចោះនោះទេ៕