(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou បានប្រាប់មន្ត្រីជាន់ខ្ពស់ចិន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះថា តៃវ៉ាន់ និងចិនគួរតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ចៀសសង្គ្រាម ហើយការទទួលខុសត្រូវក្នុងការធានាសន្តិភាព គឺស្ថិតនៅជាមួយមេដឹកនាំនៃភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

លោក Ma បានមកដល់ប្រទេសចិនកាលពីថ្ងៃចន្ទ ជាលើកទីមួយ ដែលអតីតមេដឹកនាំតៃវ៉ាន់ធ្វើទស្សនកិច្ចចិនដីគោក ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។

លោក Ma បាននិយាយក្នុងអំឡុងពេលជួបជាមួយលោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនថា ការរក្សាការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងគឺជា «មតិសាធារណៈទូទៅនៃសង្គមតៃវ៉ាន់»។

យោងតាមអត្ថបទមួយ នៃការអត្ថាធិប្បាយ​ដែល​ផ្តល់​ដោយ​ការិយាល័យ​របស់​លោកនៅ​ទីក្រុង​តៃប៉ិ លោក Ma បាននិយាយទៀតថា វាគឺជាការទទួលខុសត្រូវរួមគ្នារបស់ «អ្នកទទួលខុសត្រូវ» នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងការខិតខំគ្រប់ឱកាសដើម្បីលើកកម្ពស់សន្តិភាព។

លោកបានសង្កត់ធ្ងន់ទៀតថា ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូរ ធ្វើការជាមួយគ្នា និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម និងជម្លោះ។

គួរបញ្ជាក់ថា លោក Ma គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សគួមីនតាង​ (Kuomintang) ដែលសព្វថ្ងៃជាបក្សប្រឆាំងនៅតៃវ៉ាន់ និងគាំទ្រចង់ឱ្យទំនាក់ទំនងមានភាពកក់ក្តៅ ជាមួយទីក្រុងប៉េកាំង។ កំលុងអាណត្តិដឹកនាំកាលពីចន្លោះឆ្នាំ២០០៨-២០១៦ របស់លោក ម៉ា ទំនាក់ទំនងរវាងតៃវ៉ាន់និងចិនមានភាពប្រសើរឡើងគួរកត់សម្គាល់ រហូតដល់មានកិច្ចប្រជុំកំពូលរវាងលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅឯប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ ថែមទៀតផង៕