(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា យោធារបស់ខ្លួនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយយោធារុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចការសម្របសម្រួល ជាយុទ្ធសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បត៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក តាន់ កឺហ្វៃ (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា រុស្ស៉ី-ចិន នឹងធ្វើការរួមគ្នាដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក។ ប្រទេសទាំងពីរនឹងពង្រឹងទំនុកចិត្តខាងផ្នែកកយោធា ឲ្យកាន់តែស៊ីជម្រៅ និងរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ បើតាមលោក តាន់ យោធាប្រទេសទាំងពីរ ក៏នឹងរៀបចំឱ្យមានបន្ថែមទៀតផងដែរ នូវការល្បាតដែនសមុទ្រ និងសមយុទ្ធយោធារួមគ្នា។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ថ្មីៗនេះ ទើបតែបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាដំណើរទស្សនកិច្ចដែលសហរដ្ឋអាមេរិកឃ្លាំមើលនិងរិះគន់ជាខ្លាំង៕