(មូស្គូ)៖ ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៉ី FSB នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អ្នករាយការណ៍ព័ត៌មានម្នាក់ ដែលធ្វើការឱ្យសារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងយេកាតឺរីនបឺគ (Yekaterinburg) ដែលស្ថិតនៅតំបន់ជួរភ្នំអ៊ូរ៉ាល់ ក្រោមការសង្ស័យករណីចារកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax ទីភ្នាក់ងារ FSB បាននិយាយដូច្នេះថា «អាជ្ញាធរបានបញ្ឈប់សកម្មភាពខុសច្បាប់នានា របស់ពលរដ្ឋអាមេរិក ឈ្មោះ អ៉ីវ៉ាន់ ហ្កឺស្កូវិច (Evan Gershkovich) កើតនៅឆ្នាំ១៩៩១ ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអាមេរិក The Wall Street Journal ប្រចាំនៅការិយាល័យទីក្រុងមូស្គូ ដែលក្រសួងបរទេសរុស្ស៉ីសង្ស័យថា បានធ្វើសកម្មភាពចារកម្មបម្រើដល់ ផលប្រយោជន៍របស់រដ្ឋាភិបាលអាមេរិក»។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់សេចក្តីថ្លែងការណ៍ខាងលើ គឺបុគ្គល ហ្កឺស្កូវិច ទទួលបានបញ្ជាពីអាមេរិកឱ្យប្រមូលយកព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាស នៅក្នុងវិស័យឧស្សាហកម្មយោធា-ការពារជាតិរបស់ប្រទេសរុស្ស៉ី។ យ៉ាងណាមិញ ការអះអាងនេះ មិនមានការផ្តល់ភស្តុតាងភ្ជាប់មកជាមួយឡើយ។ ដោយឡែក ខាងសារព័ត៌មាន The Wall Street Journal មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយ ជុំវិញដំណឹងនៃការឃាត់ខ្លួនបុគ្គលិករបស់ខ្លួននេះ នៅឡើយទេ៕