(មូស្គូ)៖ មន្រ្តីជាន់ខ្ពស់រុស្ស៉ីម្នាក់កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសរុស្ស៉ីនឹងលែងផ្តល់ការជូនដំណឹងជាមុនទៀតហើយ ដល់សហរដ្ឋអាមេរិក អំពីការធ្វើតេស្តមីស៉ីលបាលិស្ទីគរបស់ខ្លួន ដូចមានចែងនៅក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ ដែលរុស្ស៉ីបានព្យួរការចូលរួម បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនទើបតែបានប្រកាស ឈប់ដោះដូរទិន្នន័យកងកម្លាំងនុយក្លេអ៊ែរ ជាមួយវិមានក្រឹមឡាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានប្រាប់បណ្តាទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់រុស្ស៉ីថា ទីក្រុងមូស្គូបានបញ្ឈប់ការដោះដូរ ព័ត៌មានគ្រប់បែបយ៉ាងជាមួយទីក្រុងវ៉ាស៉ីនតោន នៅក្រោមសន្ធិសញ្ញា New START ជាមួយអាមេរិក ដែលខ្លួនបានផ្អាកការចូលរួមកាលពីខែកុម្ភៈ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា ទីក្រុងវ៉ាស៉ីនតោននឹងបញ្ឈប់ការដោះដូរទិន្នន័យមួយចំនួន ស្តីពីកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការព្យួរការចូលរួមសន្ធិសញ្ញានោះ។
កន្លងមកដោយអនុលោមតាមសន្ធិសញ្ញា New START ជារៀងរាល់៦ខែម្តង ភាគីទាំងពីរតែងដោះដូរទិន្នន័យទៅវិញទៅមកជាប្រចាំ អំពីស្ថានភាពបច្ចុប្បន្ននៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនីមួយៗ រួមជាមួយការជូនដំណឹងឱ្យដឹងជាមុន អំពីការធ្វើតេស្តក៏ដូចជាការដាក់ពង្រាយនៃអាវុធនុយក្លេអ៊ែររបស់ពួកគេ។ ការជូនដំណឹងបែបនេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរក្សាស្ថិរភាពយុទ្ធសាស្រ្តរយៈពេលរាប់ទសវត្សរ៍មកហើយ។ វាអនុញ្ញាតឱ្យរុស្ស៉ីនិងសហរដ្ឋអាមេរិក អាចបកប្រែបានត្រឹមត្រូវចំពោះសកម្មភាពភាគីម្ខាងៗ ហើយធានាថា មិនមានភាគីណាមួយច្រឡំចាត់ទុកការបាញ់តេស្តមីស៉ីល ជាការវាយប្រហារឡើយ។
ការកាត់ផ្តាច់ការដោះដូរទិន្នន័យខាងលើនេះ ត្រូវគេមើលឃើញថា ជាចេតនាមួយទៀតរបស់វិមានក្រឹមឡាំង ដើម្បីជំរុញកុំឱ្យលោកខាងលិចបង្កើនការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន តាមរយៈការលើកឡើងអំពីអាវុធនុយក្លេអ៊ែរដ៏ច្រើនបំផុតរបស់ខ្លួន។ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទើបតែបានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅលើទឹកដីរបស់បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី។
គួរបញ្ជាក់ថា លោក ពូទីន បានផ្អាកការចូលរួមរបស់រុស្ស៉ីក្នុងសន្ធិសញ្ញា New START កាលពីខែកុម្ភៈ ក្រោមហេតុផលថា រុស្ស៉ីមិនអាចទទួលយកបានឡើយ ចំពោះការចុះត្រួតពិនិត្យរបស់អាមេរិក នៅតាមមូលដ្ឋាននុយក្លេអ៊ែររបស់ខ្លួន ក្នុងគ្រាដែលទីក្រុងវ៉ាស៉ីនតោននិងសម្ព័ន្ធមិត្ត បានប្រកាសជាចំហថា ការធ្វើវាយបំបាក់ឱ្យរុស្ស៉ីបរាជ័យនៅអ៊ុយក្រែន គឺជាគោលដៅរបស់ពួកគេ។ នាពេលនោះទីក្រុងមូស្គូបានសង្កត់ធ្ងន់ថា ខ្លួនមិនមែនដកចេញទាំងស្រុងពីសន្ធិសញ្ញា New START ទេ ហើយនឹងនៅតែបន្តគោរពតាមការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ របស់សន្ធិសញ្ញា៕