(អូស្លូ)៖ ក្រសួងការបរទេសរបស់ប្រទេសស៊ុយអែត នៅថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅទីក្រុងស្តុកខុល (Stockholm) ដើម្បីមកបញ្ជាក់អំពី «ការប៉ុនប៉ងជ្រៀតជ្រែក» លើដំណើរការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័ររបស់ស្ថានទូត ឯកអគ្គរដ្ឋទូតរុស្ស៉ីបានលើកឡើងថា ការចូលជាសមាជិកនៅក្នុងអង្គការណាតូ នឹងធ្វើឲ្យប្រទេសទាំងពីរក្លាយជាគោលដៅស្របច្បាប់ សម្រាប់វិធានការសងសឹករបស់រុស្ស៊ី ដែលរួមមានទាំងសកម្មភាពយោធា ជាដើម។

អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែត បានប្រាប់ Reuters ថា ឯកអគ្គរដ្ឋទូតរុស្ស៉ី នឹងត្រូវកោះហៅជុំវិញការលើកឡើងនេះ។ រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក តូប៊ីស បីលស្រ្តូម (Tobias Billstrom) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី គឺដើម្បីមកបញ្ជាក់អំពីការប្រឆាំងរបស់យើងទៅនឹងការប៉ុនប៉ងជាក់ស្តែង លើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានស្វែងរកសមាជិកភាពនៅក្នុងអង្គការណាតូ ភ្លាមៗក្រោយពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ហើយរំពឹងថានឹងបញ្ចប់ដំណើរការនៅឆ្នាំ ២០២៣នេះ៕