(អូស្លូ)៖ របាយការណ៍ស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានរកឃើញថា ចំនួនសរុបនៃក្បាលគ្រាប់នុយក្លេអ៊ែរលើពិភពលោក ដែលអាចយកទៅធ្វើប្រតិបត្តិការបាននោះ គឺមានការកើនឡើងកាលពីក្នុងឆ្នាំ២០២២កន្លងទៅ ដែលភាគច្រើនគឺដោយសារតែរុស្ស៉ីនិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ​ ទី២៩ ខែមីនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ Nuclear Weapons Ban Monitor ចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាល Norwegian People's Aid ដែលមានមូលដ្ឋានក្នុងទីក្រុងអូស្លូនៃប្រទេសន័រវែស នៅត្រឹមដើមឆ្នាំ២០២៣នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរផ្លូវការនិងមិនផ្លូវការទាំង៩ មានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចប្រើប្រាស់បាន សរុបចូលគ្នាចំនួន៩,៥៧៦គ្រាប់ ពោលគឺកើនពី៩,៤០០គ្រាប់ កាលពីមួយឆ្នាំមុន។ ក្បាលគ្រាប់ទាំងនេះ មានសមត្ថភាពបង្កភាពហិនហោចក្នុងកម្លាំងខ្លាំងមហិមា ដែលស្មើនឹងកម្លាំងនៃគ្រាប់បែកបរមាណូដែលទម្លាក់ទៅលើ​ទីក្រុងហ៉ីរ៉ូស៉ីម៉ា កាលពីសម័យសង្រ្គាមលោកដល់ទៅជាង ១៣៥,០០០គ្រាប់ឯណោះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ស្រាវជ្រាវខាងលើដដែល នៅត្រឹមដើមឆ្នាំ២០២៣ ប្រទេសទាំង៩ មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបខ្ទង់ ១២,៥១២គ្រាប់ ខណៈក្នុងចំណោមនោះ ២,៩៣៦គ្រាប់ ជាក្បាលគ្រាប់ចូលនិវត្តន៍ ដែលរង់ចាំការបំផ្លាញចោល។ ជារៀងរាល់ឆ្នាំចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពិភពលោក បានបន្តថយចុះរហូតមក រួមទាំងកាលពីក្នុងឆ្នាំ២០២២ផងដែរ នៅពេលវាថយពី១២,៧០៥គ្រាប់ កាលពីដើមឆ្នាំ មកត្រឹមប្រហែល១២,៥១២គ្រាប់ នៅខែមករា ឆ្នាំ២០២៣។

ប្រការនេះគឺដោយសារសហរដ្ឋអាមេរិកនិងរុស្ស៉ី បានបន្តបំផ្លាញចោលក្បាលគ្រាប់នុយក្លេអ៊ែរចាស់ៗរបស់ខ្លួន ដោយសន្សឹមៗរៀងរាល់ឆ្នាំ។ យ៉ាងណាក្តី នៅក្នុងឆ្នាំ២០២២ រុស្ស៉ី ចិន ឥណ្ឌា កូរ៉េខាងជើង និងប៉ាគីស្ថាន សុទ្ធតែបាននាំគ្នាពង្រីកចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពួកគេ​បន្ថែម ដែលជាហេតុនាំឱ្យចំនួនក្បាលគ្រាប់ដែលអាចធ្វើប្រតិបត្តិការបាន កើនពី៩,៤៤០គ្រាប់កាលពីដើមឆ្នាំ២០២២ មកដល់៩,៥៧៦គ្រាប់ នៅដើមឆ្នាំនេះ។ របាយការណ៍ខាងលើបានព្រមានថា ប្រសិនបើទំនោរបែបនេះនៅតែបន្ត នោះក្នុងពេលឆាប់ៗ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសរុប (រាប់ទាំងក្បាលគ្រាប់ចូលនិវត្តន៍និងក្បាលគ្រាប់អាចធ្វើប្រតិបត្តិការបាន) ក៏នឹងត្រូវកើនឡើងវិញជាលើកដំបូងផងដែរ គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់៕