(សេអ៊ូល)៖ មន្រ្តីទីប្រឹក្សាកំពូលផ្នែកសន្តិសុខរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃពុធនេះ បានឱ្យដឹងថា រូបលោកបានសម្រេចចិត្តដាក់ពាក្យស្នើសុំលាឈប់ពីតួនាទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

ការស្នើលាលែងពីតំណែងរបស់ទីប្រឹក្សាជាន់ខ្ពស់ខាងលើកើតឡើង ស្របពេលដែលលោក យូន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៉ីនតោន នាខែក្រោយនេះ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ កន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិលោក គីម ស៊ុងហាន (Kim Sung Han) អាចនឹងត្រូវជំនួសតំណែង ជុំវិញបញ្ហារៀបចំផែនការពាក់ព័ន្ធនឹងគម្រោងទស្សនកិច្ចរបស់លោក យូន ទៅកាន់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា យោងតាមសារដែលបញ្ចេញដោយការិយាល័យលោក យូន គឺលោក គីម បាននិយាយថា រូបលោកចង់វិលត្រឡប់ទៅក្នុង​សហគមន៍អ្នកសិក្សាស្រាវជ្រាវវិញ ក្រោយបានរៀបចំមូលដ្ឋានគ្រឹះដើម្បីស្តារសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក និងបាន​ជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយជប៉ុន។ លោក គីម បានបន្ថែមទៀតថា ផែនការដំណើរទស្សនកិច្ចរបស់លោក យូន ទៅកាន់​ទីក្រុងវ៉ាស៉ីនតោន នាខែមេសាខាងមុខ ក៏ត្រូវបានព្រាងរៀបចំយ៉ាងល្អប្រសើរផងដែរ ដើម្បីឱ្យបុគ្គលដែលនឹងមកជំនួសរូបលោក អាចបន្ត​ការងារទៅយ៉ាងរលូន៕