(កៀវ)៖ ទីភ្នាក់ងារព័ត៌មាន AP (Associated Press) នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីចិន លោក ស៉ី ជិនពីង ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AP លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «យើងត្រៀមជាស្រេច ដើម្បីទទួលស្វាគមន៍លោក ស៉ី មកកាន់ទីនេះ»។ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំមុនមក លោកប្រធានាធិបតីចិន មិនទាន់ធ្លាប់ជួបមុខនិយាយផ្ទាល់ ឬមួយក៏តាមទូរស័ព្ទឬវីដេអូអនឡាញ ជាមួយលោក ហ្សេលេនស្គី នៅឡើយទេ។ ប៉ុន្តែចិនបានចេញផ្សាយផែនការ១២ចំណុច សម្រាប់ដំណោះស្រាយផ្នែកនយោបាយ នៃវិបត្តិអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅនេះ។

នៅក្នុងសំណើផែនការសន្តុិភាពរបស់ចិននោះ រួមមានទាំងការអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង និងឆ្ពោះទៅសម្រេចឱ្យបានបទឈប់បាញ់នៅអ៊ុយក្រែន។ ទោះជាបែបនេះក្តី សហរដ្ឋអាមេរិកបានបង្ហាញភាពជឿជាក់ស្តួចស្តើងបំផុត ទៅលើសំណើរបស់ចិន ដោយសារហេតុផលថា ទីក្រុងប៉េកាំង នៅតែបដិសេធចូលរួមថ្កោលទោសរុស្ស៉ី ជុំវិញការបង្កសង្រ្គាមនៅអ៊ុយក្រែន។

ទីក្រុងកៀវបានបង្ហាញការស្វាគមន៍ចំពោះ កិច្ចប្រឹងប្រែងចូលរួមពាក់ព័ន្ធផ្នែកការទូតរបស់ចិន ដើម្បីព្យាយាមជួយដោះស្រាយជម្លោះ ក៏ប៉ុន្តែ​លោក ហ្សេលេនស្គី ធ្លាប់បានសង្កត់ធ្ងន់ហើយថា រូបលោកនឹងពិចារណាទៅលើការចរចារកសន្តិភាព តែនៅក្រោយពេលកងទ័ពរុស្ស៉ីត្រូវដក​ចេញឱ្យអស់ ពីទឹកដីរបស់ប្រទេសលោកប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ស៉ី ជិនពីង បានបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលលោក​ហៅថាជាមិត្តសម្លាញ់ កំលុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ របស់លោក ស៉ី នៅទីក្រុងមូស្គូ។ យ៉ាងណាមិញ កិច្ចពិភាក្សានោះ ហាក់មិនសម្រេចបាននូវវឌ្ឍនភាពអ្វីឡើយ ស្តីពីមធ្យោយបាយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕