(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានគំរាមសងសឹក ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ជួបមេដឹកនាំតៃវ៉ាន់ លោក សៃ អ៉ីងវិន (Tsai Ing-wen) ក្នុងអំឡុងពេលដែលលោកស្រីគ្រោងឈប់សំចតនៅសហរដ្ឋអាមេរិក នាខែមេសាខាងមុខនេះ ដោយចាត់ទុកទង្វើបែបនេះថានឹងក្លាយជា «ការបង្កហេតុ»។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ជូ ហ្វឹងយាន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចឆ្លងកាត់ និងឈប់សំចត» របស់លោកស្រី សៃ នៅសហរដ្ឋអាមេរិក មិនមែនគ្រាន់តែជាការរង់ចាំនៅអាកាសយានដ្ឋាន ឬសណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជួបមន្ត្រី និងសមាជិកសភាអាមេរិក។

លោកស្រី យូ បានគូសបញ្ជាក់ថា «ប្រសិនបើលោកស្រី សៃ ពិតជាជួបប្រធានសភាអាមេរិក លោក ម៉ាកខាធី នោះវានឹងក្លាយជាការញុះញង់មួយទៀតដែលបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ ដោយមិនបញ្ជាក់លម្អិត លោកស្រី យូ បានបន្ថែមថា « យើងប្រឆាំងដាច់ខាតចំពោះរឿងនេះ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឆាំងតបតវិញ»

គួរបញ្ជាក់ថា រាល់មេដឹកនាំរបស់តៃវ៉ាន់តែងតែធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក នៅពេលបំពេញទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ការ៉ាប៊ីន និងប៉ាស៊ីហ្វិក ដែលទោះបីជាមិនមែនជា ដំណើរទស្សនកិច្ចផ្លូវការក៏ដោយ ប៉ុន្តែពួកគេប្រើប្រាស់ដំណើរទស្សនកិច្ចបែបនេះជាកិច្ចប្រជុំកម្រិតខ្ពស់។ សហរដ្ឋអាមេរិក ចាត់ទុកថាការធ្វើដំណើរឆ្លងកាត់របស់ប្រធានាធិបតីតៃវ៉ាន់ ថាជាទម្លាប់ហើយ ដែលចិនមិនគួរយកលេសនេះ ដើម្បីប្រើកម្លាំងលើតៃវ៉ាន់ឡើយ។ លោកស្រី សៃ នឹងចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចនៅបរទេសនៅថ្ងៃពុធសប្ដាហ៍នេះ៕