(មូស្គូ)៖ អ៊ុយក្រែននៅតែបន្តគម្រោងធ្វើយុទ្ធនាការវាយប្រហារលើកម្លាំងទាហានរុស្ស៊ីភាគខាងកើត ប្រទេសក្នុងរដូវផ្ការីកបើទោះបីជារុស្ស៊ីបានត្រៀមយុទ្ធសាស្ត្រដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេស ក៏ដោយ។ អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvidev) បានថ្លែងថាកងកម្លាំងរុស្ស៊ីបានដឹងអំពីគម្រោងវាយលុករបស់អ៊ុយក្រែនដើម្បីដណ្តើមយក ក្រុងបាក់មុត។ រុស្ស៊ីបានថ្លែងថា គេមិនច្រានចោលលើលទ្ធភាពប្រើអាវុធណាមួយនោះឡើយ ប្រសិនបើអ៊ុយក្រែនចង់លេងល្បែងវាយប្រហារដាក់លើតំបន់គ្រីមៀ។

សង្គ្រាមវាយប្រហារក្នុងទ្រង់ទ្រាយធំបង្អស់មួយរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែកៀកមកជិតជាលំដាប់។ អ៊ុយក្រែនបានប្តេជ្ញាបន្តគម្រោងធ្វើយុទ្ធនាការវាយប្រហារលើកម្លាំងទាហានរុស្ស៊ី ភាគខាងកើត ប្រទេសក្នុងរដូវផ្ការីក បើទោះបីជារុស្ស៊ីបានត្រៀមយុទ្ធសាស្ត្រដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេសក៏ដោយ។ អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvidev) បានថ្លែងថា កងកម្លាំងរុស្ស៊ីបានដឹងអំពីគម្រោងវាយលុករបស់អ៊ុយក្រែន ដើម្បីដណ្តើមយកក្រុងបាក់មុត។ រុស្ស៊ីបានថ្លែងថាគេមិនច្រានចោលលើលទ្ធភាពប្រើអាវុធណាមួយនោះឡើយ ប្រសិនបើអ៊ុយក្រែនចង់លេងល្បែង វាយប្រហារដាក់លើតំបន់គ្រីមៀ។

សង្គ្រាមដែលឈានចូលដល់ថ្ងៃទី៣៩៧ ថ្ងៃគិតត្រឹមថ្ងៃអង្គារ៍ ទី២៨មីនានេះ ការរកដំណោះស្រាយលើការចរចា មិនអាចមានលទ្ធភាពធ្វើបានឡើយ។ អ៊ុយក្រែនបានថ្លែងនៅថ្ងៃទី ២៨មីនានេះថាកងកម្លាំងរុស្ស៊ី កំពុងតែប្រមូលផ្តុំលើការវាយលុកក្នុងតំបន់ Kupyansk, Lymansk, Bakhmut, Adiivka, និង Marinsk និងថាកងកម្លាំងអ៊ុយក្រែនបានរុញច្រានការវាយប្រហាររបស់សត្រូវចំនួន៦០លើក និងថាកងកម្លាំង ការពារអាកាសបានធ្វើការវាយប្រហារបីដងថែមទៀតដាក់មកលើកម្លាំងរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែន នៅបាននិយាយថាប្រព័ន្ធការពារអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីជាច្រើន ថែមទៀត នៅថ្ងៃទី២៨ ខែមីនា នៅក្បែរក្រុងកៀវ និងថាបំណែកដែលបាញ់ទម្លាក់នោះ បានធ្លាក់ចុះមកខាងក្រោមបង្កឱ្យមានការឆេះជាភ្លើងសន្ធោរសន្ធៅ។ មិនមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះថ្នាក់នោះទេ។
ការវាយប្រយុទ្ធគ្នានេះ នៅមិនទាន់ដល់កម្រិតត្រៀមលក្ខណៈទ្រង់ទ្រាយធំដែលរំពឹងថានឹង អាចផ្ទុះឡើងនាពេលខាងមុខនេះឡើយ ខណៈដែលរុស្ស៊ីបានត្រៀមរួចជាស្រេចដោយថែម ទាំងមានការប្រកាស ដាក់ពង្រាយអាវុធនុយក្លេអ៊ែ័រក្នុងប្រទេសបេឡារុសនោះថែមទៀត។

យុទ្ធសាស្ត្រដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្រៅប្រទេសបានរងនឹងការរិះគន់ខ្លាំងក្លាពីអង្គការណាតូ និងប្រទេសលោកខាងលិច ប៉ុន្តែវិមានក្រឹមឡាំងបានថ្លែងថាការរិះគន់នោះ នឹងមិនផ្លាស់ប្តូរ វិញនូវផែនការដែលបានសម្រេចការដាក់ពង្រាយនោះអាវុធតាក់ទិកនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សនោះឡើយ។ ក្រុមបស្ចិមប្រទេស បានថ្កោលទោសការប្រកាសរបស់លោក ពូទីន ស្តីពី ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ស ដែលមានព្រំប្រទល់ជាប់នឹងសមាជិកអង្គការណាតូ ចំនួនបី គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវីយ៉ា។ ប្រទេសអ៊ុយក្រែនបានថ្លែងថាគេនឹង ស្វែងរកកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការផ្លាស់ប្តូរនេះ។ ប៉ុន្តែមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ប្រតិកម្មបែបនេះ មិនអាចមាន ឥទ្ធិពលលើផែនការរបស់រុស្ស៊ីឡើយ»។ នៅទន្ទឹមនឹងនេះដែរ លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីលោក Nikolai Patrushev បានថ្លែងព្រមានថារុស្ស៊ីមានអាវុធនុយក្លេអ៊ែ័រគ្រប់គ្រាន់ដើម្បី កម្ទេចបច្ចាមិត្តនានា ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។

សកម្មភាពប្តេជ្ញាដាក់ពង្រាយអាវុធនុយក្លេអ៊ែ័រនៅក្រៅប្រទេសនេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ការត្រៀមរៀបចំវាយលុករបស់អ៊ុយក្រែនក្នុងរដូវផ្ការីកវាយដណ្តើមយកមកវិញតំបន់ ភាគខាងកើតប្រទេស ដែលរុស្ស៊ីបានកាត់យកជាតំបន់រណប។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងបន្ទោសមុននេះលើភាពយឺតយ៉ាវ នៃការបញ្ជូនគ្រឿងសព្វាវុធរបស់លោកខាងលិចមកអ៊ុយក្រែនដែល បានត្រៀមលក្ខណៈបើកយុទ្ធនាការ វាយលុកក្នុងរដូវផ្ការីក។ លោកបានប្រាប់កាសែតជប៉ុន មុននេះថា លោកនឹងមិនបញ្ជួនទាហានអ៊ុយក្រែនឱ្យធ្វើការវាយលុកឡើយ បើសិនជាគ្មានរថក្រោះ, កាំភ្លើងផ្លោង Artillery និងកាំភ្លើងផ្លោងរ៉ុក្កែត HIMARS ទេ នោះ។ ប៉ុន្តែ សេចក្តីរាយការណ៍ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះ Leopard ១៨គ្រឿង, រថក្រោះប្រភេទស្រាល Marder ចំនួន៤០គ្រឿង និងរថពាសដែល២គ្រឿងទៀតរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានផ្តល់មកឱ្យប្រទេសអ៊ុយក្រែនហើយ។ នៅជាមួយគ្នានេះដែរ ប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុប បានពិភាក្សាអំពីការផលិតគ្រាប់កាំភ្លើងផ្លោង Artillery ដែលជាផ្នែកមួយនៃកម្មវិធីជំនួយ២ពាន់លានអឺរ៉ូដើម្បីការផ្គត់ផ្គង់ដល់អ៊ុយក្រែន និងដើម្បីការបំពេញឃ្លាំងស្តុករបស់កម្លាំងការពារនៃសហភាពអឺរ៉ុបផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនត្រូវគេរាយការណ៍ថានឹងនៅរង់ចាំជំនួយយោធាជាច្រើនទៀតពីក្រុមបស្ចឹមប្រទេស ក្នុងនោះរួមមានយន្តហោះប្រយុទ្ធ និងជាពិសេសកម្លាំងទាហានថ្មី របស់អ៊ុយក្រែនដែល ទទួលបានការហ្វឹកហ្វឺន ពីក្រុមប្រទេសលោកខាងលិច។ សេចក្តីរាយការណ៍បានបង្ហាញថា ការធ្វើសកម្មភាពរបស់រុស្ស៊ីវេលាចុងក្រោយនេះពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសបេឡារុស បានជំរុញ ឱ្យអ៊ុយក្រែន ត្រូវរៀបចំរកគំនិតថ្មីបន្ថែមទៀតដើម្បីសម្រាប់ត្រៀមទប់ទល់នឹងរុស្ស៊ីបើសិនជាមានកម្លាំងបេឡារុសនឹង បើកមុខព្រួញវាយប្រហារដោយកិច្ចសហការជាមួយរុស្ស៊ី។ គំនិតថ្មីមួយនោះគឺការស្វែង រកកម្លាំងមនុស្សកេណ្ឌចូលបំរើកងទ័ព។ អ៊ុយក្រែន ត្រូវគេរាយការណ៍អំពីការប្រឈមនឹងបញ្ហានៃចំណោទធនធានមនុស្សបំរើកងទ័ព។ កាសែត The Wall Street Journal បានរាយការណ៍ថា នៅពេលដែល មានកម្លាំងរុស្ស៊ីចូលឈ្លានពានថ្មីៗក្នុង ខែកុម្ភៈឆ្នាំ២០២២, អ្នកស្ម័គ្រចិត្តរបស់អ៊ុយក្រែនរាប់ពាន់នាក់ត្រូវគេឃើញ ឈរបន្តកន្ទុយគ្នានៅខាងក្រៅមជ្ឈមណ្ឌលរើសទាហាន។

ប៉ុន្តែ នៅពេលដែលអាជ្ញាធរបានព្យាយាមរកកម្លាំងថ្មីដាក់ជំនួស ខណៈមានទាហានស្លាប់ និងរបួសជាច្រើននោះ ការកេណ្ឌមនុស្សបម្រើ ក្នុងជួរកងទ័ព បានធ្វើដោយមិនរើសថាអ្នកនោះចង់បម្រើ ឬមិនចង់បម្រើ ឬត្រូវទទួលការហ្វឹកហ្វឺននោះឡើយ។ ជាលទ្ធផលនោះ គឺចំនួនបុរសក្នុងវ័យដែលត្រូវប្រយុទ្ធ ត្រូវគេរាយការណ៍ថា បានព្យាយាមគេចចេញមិនបំរើកងទ័ពនោះឡើយ។ មន្ត្រីដែលជិតស្និទ្ធនឹងលោក ហ្សេលេនស្គី បានថ្លែងថាអ៊ុយក្រែន អាចនឹងត្រូវការចាំបាច់លើការធ្វើកំណែនយោធាថែមទៀត បើទោះបីជា មានពលរដ្ឋជាច្រើនបានស្ម័គ្រចិត្តចូលបំរើកងទ័ពរួចមកនេះក៏ដោយ។ រដ្ឋបាលលោក ហ្សេលេនស្គី បារម្ភនឹងការខ្វះ ទាហានប្រយុទ្ធបើសិនជា គេត្រូវទប់ទល់ជាមួយនឹងប្រទេសបេឡារុសទៀតនោះ។

រហូតមកទល់នឹងពេលនេះ អ៊ុយក្រែនអាចមានលទ្ធភាពរកកម្លាំងបានគ្រប់គ្រាន់ដើម្បីបំពេញ ជួរទ័ពរបស់ខ្លួន និងពួកគេអាចទប់ទល់បាននិងថែមអាចទាំងវាយរុញច្រានទាហានរុស្ស៊ី នាភាគខាងកើតនោះថែម ទៀត។ ប៉ុន្តែ អ៊ុយក្រែននាពេលនេះកំពុងតែរង់ចាំការមកដល់នៃទាហានអ៊ុយក្រែន ថ្មីច្រើនម៉ឺននាក់ ទៀតដែលភាគច្រើនទាហានទាំងនោះ ត្រូវបានគេបញ្ជូនហ្វឹកហ្វឺនក្នុងប្រទេសលោកខាងលិច សម្រាប់ ការត្រៀមធ្វើយុទ្ធនាការវាយលុកនិទាឃរដូវឈានមកដល់នេះ។ សេចក្តីរាយការណ៍បានបង្ហាញថាបើទោះបីជាការស្ទង់មតិនៅតែបង្ហាញភាពខ្ពស់នៃការចង់បម្រើកាតព្វកិច្ចការពារជាតិនោះក៏ដោយ ប៉ុន្តែចំនួន អ្នកមានឆន្ទៈស្ម័គ្រចិត្តចូលរួមបម្រើក្នុងជួរកងទ័ពហាក់ដូចជាកាន់តែមានចំនួនតិចទៅៗជាលំដាប់។

យោងតាមតួលេខពីក្រុមបស្ចឹមប្រទេស, អ៊ុយក្រែនមានកម្លាំងទ័ពប្រយុទ្ធតែប្រមាណ ២៦ម៉ឺននាក់នោះទេគ្រាដែលមានការវាយប្រហារឈ្លានពានពីរុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២។ សង្គ្រាម ប្រមាណជាង មួយឆ្នាំមកនេះ មានទាហានអ៊ុយក្រែនស្លាប់និងរបួសប្រមាណ ១០ម៉ឺននាក់ ហើយ៕