(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos) នៅថ្ងៃអង្គារនេះ បានប្រកាសថា រូបលោកនឹងកាត់ផ្តាច់ការទាក់ទងទាំងអស់ជាមួយ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីតុលាការមួយនេះ បានទាត់ចោលសំណើសុំឱ្យបញ្ឈប់ការស៉ើបអង្កេតទៅលើសង្រ្គាមបង្រ្កាបគ្រឿងញៀន របស់អតីតមេដឹកនាំហ្វីលីពីន លោក រ៉ូឌីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។
ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនតូចតាចនិងជាអ្នកប្រើប្រាស់ បានបាត់បង់ជីវិតនៅក្រោមស្នាដៃប៉ូលិស កំលុងយុទ្ធនាការកណ្តាប់ដៃដែកប្រឆាំងនឹងគ្រឿងញៀន របស់លោក ឌូតឺតេ។ បច្ចុប្បន្ន ICC កំពុងស៉ើបអង្កេតលើការចោទប្រកាន់ជាច្រើន ដោយក្រុមការពារសិទ្ធិមនុស្ស ពាក់ព័ន្ធការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងការបិទបាំងដោយប៉ូលិសហ្វីលីពីន។ ខាងប៉ូលិសហ្វីលីពីនធ្លាប់បានអះអាងថា ពួកគេបានបាញ់សម្លាប់ជនសង្ស័យ តែក្នុងករណីស្វ័យការពារប៉ុណ្ណោះ។
នៅពេលត្រូវបានសាកសួរអំពីសំណើឱ្យ ICC បញ្ឈប់ការស៉ើបអង្កេត ដែលត្រូវបានបដិសេធក្នុងសប្តាហ៍នេះ លោក ម៉ាកូស បានឆ្លើយយ៉ាងដូច្នេះថា «វាបិទបញ្ចប់ការពាក់ព័ន្ធគ្រប់យ៉ាងរបស់យើងជាមួយ ICC។ នៅពេលនេះ យើងកំពុងកាត់ផ្តាច់ការធ្វើប្រាស្រ័យទាក់ទង និងការទំនាក់ទំនងទាំងអស់។ យើងមិនអាចសហការជាមួយ ICC ទេ ដោយសារតែសំណួរសំខាន់ៗបំផុត ស្តីពីយុត្តាធិការរបស់តុលាការនេះ ហើយនិងអ្វីដែលយើងចាត់ទុកជា ការចូលដៃជ្រៀតជ្រែក និងការវាយប្រហារមកលើអធិបតេយ្យរបស់ហ្វីលីពីន»។
គួរបញ្ជាក់ថា ICC គឺជាតុលាការជម្រើសចុងក្រោយ ដែលអាចអនុវត្តយុត្តាធិការរបស់ខ្លួនបាន ប្រសិនបើរដ្ឋណាមួយមិនអាច ឬពុំស្ម័គ្រចិត្តស៉ើបអង្កេតបទឧក្រិដ្ឋ។ យ៉ាងណាមិញ ហ្វីលីពីនបានអះអាងថា ស្ថាប័នរបស់ខ្លួនមានសមត្ថភាពពេញលេញគ្រប់គ្រាន់ ក្នុងការស៉ើបអង្កេតនិងកាត់ទោសបទល្មើសនានា។ ស្របពេលដែលការរិះគន់ពីអន្តរជាតិកើនឡើង លោក ឌូតឺតេ បានសម្រេចដកហ្វីលីពីនចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ២០១៨។ សន្ធិសញ្ញានោះអនុញ្ញាតឱ្យ ICC អាចបើកការស៉ើបអង្កេតលើបទឧក្រិដ្ឋ ដែលបានកើតឡើងកំលុងពេលដែលប្រទេសមួយ នៅជាសមាជិករបស់ខ្លួន។
កាលពីខែមករា ឆ្នាំនេះ តុលាការ ICC បានយល់ព្រមចំពោះសំណើរបស់ក្រុមរដ្ឋអាជ្ញាខ្លួន ក្នុងការបើកការស៉ើបអង្កេតឡើងវិញ ទៅលើការសម្លាប់កំលុងសង្រ្គាមគ្រឿងញៀននៅហ្វីលីពន បន្ទាប់ពីត្រូវបានផ្អាកកាលពីខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់ទីក្រុងម៉ានីល បន្ទាប់ហ្វីលីពីនអះអាងថា ខ្លួនក៏កំពុងបើកការស៉ើបអង្កេតផងដែរ។ លោក ឌូតឺតេ ធ្លាប់បានអះអាងជាច្រើនលើកច្រើនសាថា លោកមិនដែលបានបង្គាប់ឱ្យមានការសម្លាប់ជនសង្ស័យ ក្រៅពីករណីស្វ័យការពារនោះឡើយ ហើយលោកក៏បាននិយាយដែរថា រូបលោកស្ម័គ្រចិត្តនឹងឡើងដល់តុលាការសម្រាប់សង្រ្គាមគ្រឿងញៀនរបស់លោក ប៉ុន្តែវាអាចកើតឡើងទៅបាន លុះត្រាតែនៅក្នុងតុលាការរបស់ហ្វីលីពីនផ្ទាល់ប៉ុណ្ណោះ៕