(គីតូ)៖ មនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និង១៦ នាក់ទៀតត្រូវរងរបួស បន្ទាប់ពីគ្រោះបាក់ដីដ៏ធំបានកប់ផ្ទះជាច្រើនខ្នង វេលាយប់ថ្ងៃអាទិត្យ ស្ថិតនៅតំបន់ Alausi canton នៃខេត្ត Chimborazoស្ថិតនៅភាគកណ្តាល នៃប្រទេសអេក្វាទ័រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

​យោងតាម​អាជ្ញាធរអេក្វាទ័រ មនុស្ស ៧នាក់បានបាត់ខ្លួន និងជាង៥០០នាក់ រងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ ខណៈផ្ទះរាប់មិនអស់ត្រូវបានបំផ្លាញ រីឯ ៦៥ ភាគរយនៃផ្លូវធំមិនអាចឆ្លងកាត់បាន ហើយ ២៥ ភាគរយនៃភ្លើងបំភ្លឺផ្លូវមិនដំណើរការ។

ចំណែកឯ ១០០ ភាគរយនៃសេវាកម្មដឹកជញ្ជូនសម្រាប់សហគមន៍ និងទីក្រុង បានរងផលប៉ះពាល់ផងដែរ៕