(ណៃពិដោ)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទូចឱ្យក្រុមបរទេសដែលប្រកាន់ជំហររិះគន់ ផ្លាស់មកគាំទ្រផែនការរដ្ឋាភិបាលរបស់លោក ស្តីពីការវិលត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាជាងបន្តឈរនៅខាងចលនាប្រឆាំង ដែលរូបលោកហៅថាជា «ពួកភេរវករ» ដែលមានចេតនាបំផ្លាញប្រទេសអាស៊ានមួយនេះ ឱ្យខ្ទេចខ្ទីហិនហោច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។
បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយរុញច្រានមីយ៉ាន់ម៉ាឱ្យធ្លាក់ទៅក្នុងកលិយុគ លោក មីង អោងឡាំង បានអះអាងថា ការថ្កោលទោសរបស់អន្តរជាតិមកលើរបបយោធារបស់លោក គឺផ្អែកទៅលើដំណើររឿងផ្ទុយពីការពិត ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលស្រមោល NUG។
ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ារូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យោធានិងរដ្ឋាភិបាល ចាំបាច់ត្រូវចាត់វិធានការប្រឆាំងទៅលើ ពួកភេរវករដែលកំពុងព្យាយាមបំផ្លិចបំផ្លាញប្រទេស និងសម្លាប់ជីវិតមនុស្ស។ ខ្ញុំសូមទទូចឱ្យសហគមន៍អន្តរជាតិចូលរួមសហការជាមួយកិច្ចប្រឹងប្រែងទាំងឡាយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ដើម្បីដើរលើគន្លងផ្លូវត្រឹមត្រូវឆ្ពោះត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ»។
គួរបញ្ជាក់ថា រដ្ឋប្រហារយោធារបស់លោក មីន អោងឡាំង បានបិទបញ្ចប់នូវការធ្វើអន្តរកាលប្រជាធិបតេយ្យ រយៈពេល១ទសវត្សរ៍ ហើយនិងការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពីមុនមកបានស្ថិតក្រោមការដឹកនាំរបស់យោធា អស់រយៈពេលប្រហែល៥-៦ទសវត្សរ៍។ ក្រុមអង្គការសិទ្ធិមនុស្សបានចោទរដ្ឋាភិបាលយោធាថា ប្រព្រឹត្តអំពើឃោរឃៅកំលុងប្រតិបត្តិការរបស់ខ្លួន ប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធ ដោយរួមមានទាំងការវាយប្រហារលើជនស្លូតត្រង់។ ប៉ុន្តែរបបយោធាបានអះអាងថា ខ្លួនមានគោលដៅតែទៅលើពួកភេរវករប៉ុណ្ណោះ មិនមែនជនស៉ីវិលឡើយ៕