(ប៊ុយដាផេស)៖ សភាហុងគ្រី បានអនុម័តលើការស្នើសុំរបស់ហ្វាំងឡង់ ដើម្បីចូលជាសមាជិករបស់អង្គការណាតូ (NATO) បន្ទាប់ពីទទួលបានសំលេងបោះឆ្នោតយ៉ាងលើសលប់ពីសមាជិកសភាភាគច្រើន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

សមាជិកសភាហុងគ្រីសរុបចំនួន ១៨២នាក់ក្នុងចំណោម ១៩៩នាក់ បានបោះឆ្នោតគាំទ្រការចូលជាសមាជិក NATO របស់ប្រទេសហ្វាំងឡង់ ហើយមានសំលេងជំទាស់ត្រឹមតែ ៦ប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក តាំម៉ាស មីនហ្សឺ (Tamas Menczer) ជំនួសមុខឲ្យរដ្ឋាភិបាលបានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធហ្វាំងឡង់បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមាហរណកម្មទៅក្នុងស្ថាប័នរបស់ប្លុកនេះ (NATO) ដែលនឹងជំរុញសន្តិសុខរបស់ប្រទេសជាសមាជិកទាំងអស់»

គួរបញ្ជាក់ថា គណបក្សជាតិនិយមនៃមាតុភូមិរបស់យើង គឺជាក្រុមសមាជិកសភាតែមួយគត់របស់ហុងគ្រីដែលប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយបានស្នើឲ្យមានការពន្យារពេលការបោះឆ្នោត ហើយរៀបចំការពិគ្រោះយោបល់ទូទាំងប្រទេសលើបញ្ហានេះ៕