(កៀវ)៖ ពិភពលោកបានថ្លែងព្រួយបារម្ភជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែររុស្ស៊ីក្រៅប្រទេសដែល ជាលើកដំបូងហើយខណៈដែល ការត្រៀមវាយប្រហារនិទាឃរដូវរបស់អ៊ុយក្រែនដែលគ្រោងប្រើប្រាស់អាវុធទំនើបរបស់សហរដ្ឋអាមេរិក និងក្រុមបស្ចឹមប្រទេសសំដៅបំបាក់រុស្ស៊ី មិនឱ្យឈ្នះសង្គ្រាម។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្ស៊ីនឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដែលការរៀបចំទីតាំង ដាក់អាវុធនេះ គឺជាសារព្រមានមួយទៅកាន់អង្គការណាតូផង និងជាសារដែលបង្ហាញនូវការបង្កើនការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងថែមទៀត រវាងរុស្ស៊ីជាមួយក្រុមប្រទេសលោកខាងលិច។ មេដឹកនាំរុស្ស៊ីលោកពូទីន បាននិយាយកាលពីថ្ងៃសៅរ៍កន្លងមកនេះថា ការដាក់ពង្រាយនេះ គឺនឹងមិនបំពានលើការសន្យា មិនរីកសាយភាយនុយក្លេអ៊ែរនោះទេ។
លោក ពូទីនបានថ្លែងថាសម្តីរបស់លោក Alexander Grigoryevich គឺជាសម្តីត្រឹមត្រូវ។ គាត់ បាននិយាយថា ចូរយើងស្តាប់ឱ្យច្បាស់យើង គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ្នក។ ហេតុអ្វីបានជាសហរដ្ឋអាមេរិកអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរដាក់តាមប្រទេសសម្ព័ន្ធនិងលើទឹកដី របស់ពួកគេបាន, ថែមទាំងបង្ហាត់បង្រៀនក្រុមឱ្យចេះរបៀបប្រើប្រាស់, អ្នកបើកយន្តហោះ, របៀបប្រើប្រាស់ប្រភេទអាវុធទាំងនោះ ប្រសិនបើមានករណីចាំបាច់។ យើងបានយល់ព្រមថា យើងនឹងធ្វើរបៀបទាំងនោះដូចគ្នា»។ លោក ពូទីនបានបញ្ជាក់បន្ថែមទៀតថា វាគ្មានអ្វីដែលចម្លែកនោះទេ។ គឺសហរដ្ឋអាមេរិកធ្លាប់បានធ្វើការដាក់ពង្រាយនេះច្រើនទសវត្សមកហើយៗបានដាក់ពង្រាយអាវុធនុយក្លេអ៊េរ តាក់ទិកនេះលើទឹកដីនៃប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននោះ។
លោកបានបញ្ជាក់ថា រុស្ស៊ីនឹងធ្វើអ្វីដូចគ្នាដែលសហរដ្ឋអាមេរិកបានធ្វើដែលជាសកម្មភាពមិនរំលោភបំពានលើកាតព្វកិច្ចនៃការមិនសាយភាយ អាវុធនុយក្លេអ៊ែរនោះឡើយ។ សហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតរបស់ពិភពលោក បានប្រតិកម្មយ៉ាងប្រយ័ត្នប្រយែង ចំពោះសេចក្តីថ្លែងការណ៍របស់លោកពូទីន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា មិនមានសញ្ញាណាមួយដែលក្រុងម៉ូស្គូគ្រោងនឹង ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងកាលពីថ្ងៃអាទិត្យ កន្លងមកនេះថា «យើងមិនទាន់ឃើញសញ្ញាណាដែលថាលោក ពូទីនបានធ្វើតាមការនិយាយរបស់លោក» និងថាក៏មិនទាន់ឃើញសកម្មភាព បញ្ជួនអាវុធនុយក្លេអ៊ែរណាមួយនោះឡើយ»។
ប៉ុន្តែ លេខាធិការសន្តិសុខជាតិ និងជាក្រុមប្រឹក្សាការពារជាតិអ៊ុយក្រែន លោក Olesiy Danilov បានថ្លែងថាសេចក្តីថ្លែងការណ៍របស់ លោក ពូទីន អំពីការដាក់អាវុធនុយក្លេអ៊េ័រតាក់ទិកក្នុង ប្រទេសបេឡារុស គឺជាជំហានមួយសម្តៅអស្ថិរភាពផ្ទៃក្នុងប្រទេសបេឡារុស និងបានបង្កើននូវកម្រិត ទស្សនវិស័យអវិជ្ជមាននិងការបដិសេធជាសាធារណៈរបស់រុស្ស៊ីនិងលោក ពូទីន ក្នុងសង្គមបេឡារុស។ លោកថាវិមានក្រឹមឡាំងបានចាប់យក បេឡារុស ធ្វើជាចំណាប់ខ្មាំងនុយក្លេអ៊ែរ។ នៅជាមួយគ្នានេះផងដែរ អង្គការណាតូបានថ្កោលទោសនូវសម្តីរបស់លោកពូទីនជុំវិញការដាក់ពង្រាយ អាវុធតាក់ទិកនុយក្លេអ៊ែនៅបេឡារុសនោះដោយចោទថាវាជាសម្តីប្រកបដោយ គ្រោះថ្នាក់និងគ្មានការទទួលខុសត្រូវ។
អង្គការណាតូថ្លែងថាសម្តីព្រមានរបស់មេដឹកនាំរុស្ស៊ី នោះនឹងមិននាំឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រនុយក្លេអ៊ែរបស់ខ្លួននោះឡើយ។ ភាពតានតឹង បានកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីការផ្គត់ផ្គង់សព្វាវុធយ៉ាងសន្ធឹកសន្ធាប់របស់លោកខាងលិចដល់រដ្ឋាភិបាលក្រុងកៀវ ជាពិសេស ការសន្យាបន្ថែមគ្រាប់បាញ់ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ Depleted Uranium របស់ក្រសួងការពារជាតិអង់គ្លេសដែលរុស្ស៊ី បានចាត់ទុកថាជាការចាប់ផ្តើមប្រើប្រាស់អាវុធដែលមានផ្សំសមាសធាតុនុយក្លេអ៊ែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលក្រុងមូស្គូនឹងត្រូវបានគេ «បង្ខំដើម្បីឱ្យធ្វើប្រតិកម្ម» ប្រសិន បើចក្រភពអង់គ្លេសផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បាញ់រថក្រោះ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរំលាយ Depleted Uranium នោះ។ អ្នកនយោបាយ របស់រុស្សីនៅក្នុងក្រុងមូស្គូ នៅជាមួយគ្នានេះ បាននិយាយរំពឹងអំពីការការវាយប្រហារនុយក្លេអ៊ែរដែលជាវិធានការមួយរបស់រុស្ស៊ីក្នុងការទប់ទល់ ការពារដែនអធិបតេយ្យរុស្ស៊ី ប្រសិនណាបើរុស្ស៊ីត្រូវបានគេរុញច្រានឱ្យដើរហួសពីដែនកំណត់របស់ខ្លួន។
អាវុធតាក់ទិកនុយក្លេអ៊ែរTactical Nuclear Weapons គឺការសំដៅលើអាវុធដែលប្រើសម្រាប់ រកភាពចំណេញជាក់លាក់នៅលើសមរភូមិ ជាជាងអាវុធនុយក្លេអែរដែលមានសមត្ថភាព កម្ទេចទីក្រុងនានា។ មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ទេថា តើរុស្ស៊ីមានគ្រឿងសព្វាវុធ Tactical Nuclear Weapons ប៉ុន្មានគ្រាប់នោះទេ។ លោក វ្ល៉ាឌីមៀ ពូទីន មិនបានបញ្ជាក់ថាតើពេលណាដែលអាវុធ Tactical Nuclear Weapons នឹងត្រូវផ្ទេរទៅប្រទេសបេឡារុស្ស៉ី ដែលមានព្រំប្រទល់ជាប់ជាមួយសមាជិកអង្គការណាតូ ចំនួនបីគឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវីយ៉ា នោះឡើយ។
លោកគ្រាន់តែបាននិយាយបង្ហើបថារុស្ស៊ីនឹងបញ្ចប់ការសាងសង់កន្លែងស្តុកទុកអាវុធតាក់ទិកនុយក្លេអ៊ែរនៅទីនោះ ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ នាយកគម្រោងព័ត៌មាននុយក្លេអ៊ែរនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក លោក Hans Kristensen បាននិយាយថាសម្តីរបស់លោក ពូទីន «គឺជាផ្នែកនៃល្បែងមួយរបស់លោកពូទីន ដើម្បីព្យាយាមបំភិតបំភ័យអង្គការណាតូ។ លោកបន្តថាពីព្រោះនៅក្នុងប្រទេសបេឡារុស វា មិនមានឧបករណ៍ប្រើប្រាស់យោធាពីការធ្វើបែបនេះឡើយ»។
សេចក្តីរាយការណ៍បានបញ្ជាក់នូវភាពមិនទាន់ច្បាស់ថា តើកន្លែងណានៅក្នុងប្រទេស បេឡារុសនោះ ដែលនឹងត្រូវដាក់រក្សា អាវុធតាក់ទិកនុយក្លេអ៊ែររបស់រុស្ស៊ី។ ការផ្ទេរអាវុធតាក់ទិកនុយក្លេអ៊ែរនេះ គឺជាការពង្រីកនូវសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់ រុស្ស៊ីនៅតាមព្រំដែនភាគខាងកើតរបស់រដ្ឋជាសមាជិករបស់អង្កការណាតូ។
សេចក្តីរាយការណ៍បានបន្តថាទោះបីជាវិមានក្រឹមឡាំងមិនដែលបានបញ្ជាក់ជាសាធារណៈនូវ កន្លែងរបស់អាវុធនុយក្លេអ៊ែរតាក់ទិកក៏ដោយ ប៉ុន្តែ ក្រុមប្រទេសលោកខាងលិចបាននិយាយថា ជាយូរមកហើយដែលរុស្ស៊ីបានរក្សាមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរនៅ Kaliningrad ដែលជាតំបន់ឆ្នេរសមុទ្របាល់ទិករបស់ខ្លួនដែលលាតសន្ធឹងរវាងអង្គការណាតូ និងប្រទេសប៉ូឡូញ និងលីទុយអានី។
យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរបានហៅការប្រកាសរបស់លោក ពូទីន ថាជាការកើនឡើងដ៏គ្រោះថ្នាក់បំផុត។ យុទ្ធនាការ អន្តរជាតិនោះ បានសរសេរលើប្រព័ន្ធ Twitter របស់ខ្លួនថា «នៅក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន លទ្ធភាពនៃការគណនាខុស ឬការបក ស្រាយខុសគឺខ្ពស់ខ្លាំងណាស់។ ការចែករំលែកអាវុធនុយក្លេអ៊ែរ បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ និងមានហានិភ័យជាផលវិបាកដល់ មនុស្សលោកនឹងប្រឈមគ្រោះដ៏មហន្តរាយ»។
លោក ពូទីន បាននិយាយថា ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានស្នើសុំ រុស្ស៊ីជាយូរមកហើយលើការដាក់ពង្រាយអាវុធ តាក់ទិកនុយក្លេអ៊ែរនេះ។ ប្រទេសបេឡារុស ក្នុងរយៈពេលសង្គ្រាមក្នុងទឹកដីអ៊ុយក្រែនអូសបន្លាយរយៈពេលជាងមួយឆ្នាំមកនេះ នៅមិនទាន់បាន បញ្ជួនកងកម្លាំងរបស់ខ្លួនចូលរួមប្រយុទ្ធជាផ្លូវការ នៅអ៊ុយក្រែននោះ ឡើយបើទោះបីជារដ្ឋាភិបាលក្រុង Minsk និងក្រុងម៉ូស្គូមានទំនាក់ទំនង យោធាជិតស្និទ្ធយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុង Minsk បានអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងមូស្គូប្រើប្រាស់ទឹកដី បេឡារុស្សរបស់ខ្លួនដើម្បីជួយបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន កាលពីឆ្នាំកន្លងមក…ហើយប្រទេសទាំងពីរថែមទាំងបានបង្កើន ការហ្វឹកហាត់យោធារួមជា មួយគ្នាថែមទៀត។
លោក ពូទីនបានបញ្ជាក់បន្ថែមថា រុស្ស៊ីនឹងមិនប្រគល់អាវុធតាកទិកនុយក្លេអ៊ែរ នោះទៅឱ្យបេឡារុសទេ…ហើយសហរដ្ឋអាមេរិកក៏មិនប្រគល់ អាវុធនុយក្លេអ៊ែ័ររបស់ខ្លួននោះ ទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ លោកពូទីនបន្តថា «ពួកគេមានសម្ព័ន្ធមិត្តនៅក្នុងប្រទេសខ្លះហើយពួកគេ បានជួយ បណ្តុះបណ្តាលក្រុមទាំងនោះឱ្យចេះប្រើ អាវុធ…រីឯងចំណែកយើងៗនឹងធ្វើដូចគ្នា»។
លោក ពូទីន បានប្រាប់ឱ្យដឹងទៀតថា រុស្ស៊ីបានដាក់យន្តហោះចំនួន ១០គ្រឿងនៅក្នុងប្រទេសបេឡារុស ដែលមានសមត្ថភាពបាញ់ អាវុធតាក់ទិកនុយក្លេអ៊ែរ។ លោកបានបន្ថែមទៀតថារុស្ស៊ី បាន ផ្ទេរទៅប្រទេសបេឡារុសរួចហើយនូវប្រព័ន្ធមីស៊ីលតាកទិក Iskander ដែលអាចបាញ់អាវុធនុយក្លេអ៊ែរបាន។
មន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការរំសាយអាវុធ និងការមិនរីកសាយភាយអាវុធក្រុង Vienna នៃប្រទេសអូទ្រីសលោក Nikolai Sokov បាននិយាយជុំវិញការផ្ទេរអាវុធនុយក្លេអ៊ែរ រុស្សីទៅប្រទេសបេឡារុសថា «វាគឺជាសកម្មភាពផ្លាស់ប្តូរ មួយដ៏សំខាន់មួយ»។ លោកបានថ្លែងបន្តថា «រុស្ស៊ីតែងតែមានមោទនភាពយ៉ាងខ្លាំងកន្លងមកដែលថារុស្សីមិនមានអាវុធនុយក្លេអ៊ែរ នៅខាងក្រៅទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែឥឡូវនេះ រុស្សីកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនដែលជាការផ្លាស់ប្តូរដ៏ធំមួយ»។
នៅក្នុងប្រទេសអ៊ុយក្រែននោះវិញ ខណៈក្តីបារម្ភរបស់ពិភពលោក កំពុងបារម្ភជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែ័ររបស់រុស្ស៊ីនៅក្រៅប្រទេស ជាលើកដំបូងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា កម្លាំងទាហានអ៊ុយក្រែនត្រៀមធ្វើការវាយលុកនិទាឃរដូវដើម្បី រំដោះយកទឹកដីអ៊ុយក្រែនភាគខាងកើតនោះ នឹងមិនទាន់ចាប់ផ្តើមទេប្រសិនណាបើគ្មានសម្ភារៈយោធាបញ្ជួនមកពីប្រទេសលោកខាងលិចនោះ។ លោក ហ្សេលេនស្គី បានប្រាប់កាសែតជប៉ុន Yomiuri Shimbun ថាលោកនឹងមិនបញ្ជួនទ័ពរបស់លោកទៅកាន់ខ្សែត្រៀមជួរខាងមុខឡើយ បើគ្មានរថក្រោះ, កាំភ្លើងផ្លោង Artillery និងកាំភ្លើងផ្លោងរ៉ុក្កែត HIMARS ទេនោះ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែតជប៉ុននោះ លោក ហ្សេលេនស្គីបានថ្លែងថា ស្ថានការណ៍នាភាគខាងកើតអ៊ុយក្រែនមិនល្អ និងថា «យើងរង់ចាំការមកដល់គ្រឿងសព្វាវុធ ពីដៃប្រទេសជាដៃគូ»។
លោក ហ្សេលេនស្គី បានថ្លែងថាគេមិនអាចចាប់ផ្តើមសង្គ្រាមបានទេ, គេមិនអាចបញ្ជួនទាហានក្លាហានអ៊ុយក្រែនទៅសមរភូមិមុខ ដោយគ្មានរថក្រោះ, កាំភ្លើងផ្លោង Artillery និងអាវុធរ៉ុក្កែតបាញរយៈចម្ងាយឆ្ងាយឡើយ។ លោកបានថ្លែងថា «បើអ្នកមានឆន្ទៈនយោបាយ, អ្នកនឹងអាចមានវិធីមួយជួយយើង។ យើងកំពុងស្ថិតក្នុងសង្គ្រាមនិងយើងមិន អាចរង់ចាំវាបានទេ»។
គួរបញ្ជាក់ថា ជាច្រើនសប្តាហ៍មកនេះ មានការជជែកអំពីការរៀបចំខ្លួនរបស់អ៊ុយក្រែនដើម្បី ការត្រៀមវាយលុកនិទាឃរដូវ។ មេបញ្ជាការកងកម្លាំងអ៊ុយក្រែនជាច្រើនបានបង្ហាញនូវ តម្រុយថាការប្រយុទ្ធនឹងអាចចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែសម្តីរបស់លោក ហ្សេឡិនស្គីប្រាប់កាសែតជប៉ុន ហាក់ដូចជាបានបង្ហាញភាពទុទិដ្ឋិនិយមមួយ និងហាក់ដូចជាកំពុងបន្ទោសទៅប្រទេសលោកខាងលិចដែលធ្វើឱ្យ យុទ្ធនាការវាយលុករដូវប្រាំងបានយឺតជាងពេលកំណត់។ លោក ហ្សេលេនស្គីធ្លាប់បាននិយាយរួចមកហើយថា សង្គ្រាមនឹង អាចអូសបន្លាយជាច្រើនឆ្នាំ បើសិនជាប្រទេសលោកខាងលិចមិនជំរុញការផ្តល់អាវុធមកឱ្យប្រទេសអ៊ុយក្រែននោះទេ៕