(ណៃពិដោ)៖ កំលុងពិធីព្យុហយាត្រាមួយនាថ្ងៃចន្ទនេះ ប្រមុខរបបយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសប្តេជ្ញាថានឹងមិនបន្ធូរបន្ថយដាច់ខាត ក្នុងការបង្រ្កាបក្រុមចលនាប្រឆាំង ហើយបានបានសន្យាជាថ្មីថា យោធានឹងរៀបចំឱ្យមានការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
ថ្លែងនៅចំពោះមុខមន្រ្តីយោធាសរុបប្រហែល៨,០០០នាក់ ដែលចូលរួមពិធីព្យុហយាត្រាប្រចាំឆ្នាំនៃទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បាននិយាយថា រដ្ឋាភិបាលយោធានឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ចំពោះពួកក្រុមចលនាប្រឆាំង ព្រមទាំងក្រុមឧទ្ទាមជនជាតិភាគតិចទាំងឡាយដែលគាំទ្រពួកគេ ហើយបន្ទាប់មករដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតដែល «សេរីនិងយុត្តិធម៌» ក្រោយបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។
កាលពីខែកុម្ភៈកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសអូសបន្លាយការដាក់ប្រទេសក្នុងភាពអាសន្ន ដែលមានរយៈពេល២ឆ្នាំមកហើយ ឱ្យបន្តទៅមុខទៀត រួមជាមួយ ការពន្យារពេលបោះឆ្នោតដែលដំបូងឡើយខ្លួនបានសន្យាថា នឹងប្រព្រឹត្តទៅនៅត្រឹមខែសីហា ឆ្នាំនេះ ក្រោមហេតុផលថា បច្ចុប្បន្នទឹកដីផ្ទៃប្រទេសដែលខ្លួនកំពុងគ្រប់គ្រង គឺមិនគ្រប់គ្រាន់អាចឱ្យការបោះឆ្នោតរៀបចំទៅបាននោះទេ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងកលិយុគ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោងសាន ស៊ូជី កាលពីជាង២ឆ្នាំមុន ក្រោយចោទប្រកាន់ថា ការបោះឆ្នោតកាលពីចុងឆ្នាំ២០២១ ដែលគណបក្សលោកស្រី បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី គឺមានការក្លែងបន្លំ។ រដ្ឋប្រហារយោធានោះ ក៏បានផ្តើមការប្រយុទ្ធគ្នាឡើងវិញជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ហើយបង្កើតឱ្យមានក្រុមប្រដាប់អាវុធថ្មីៗជាច្រើន ដែលប្រឆាំងនឹងរបបដឹកនាំយោធា ខណៈមកទល់ឥឡូវផ្ទៃដីមួយផ្នែកធំនៃប្រទេសអាស៊ានមួយនេះ គឺត្រូវបានញាំញីដោយការប្រយុទ្ធគ្នា ហើយសេដ្ឋកិច្ចស្ថិតក្នុងសភាពដុនដាប៕