(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានឱ្យដឹងថា អាជ្ញាធរចិនបានឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ ក្រោមការជាប់សង្ស័យពីបទធ្វើចារកម្ម បន្ទាប់ពីទីក្រុងតូក្យូបានទទូចឱ្យទីក្រុងប៉េកាំង ដោះលែងពលរដ្ឋខ្លួនម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសចិន បានចាត់វិធានការឃាត់ខ្លួនទៅលើពលរដ្ឋជប៉ុនម្នាក់ ក្នុងខែមីនានេះ ដោយស្របទៅតាមច្បាប់ ដោយពលរដ្ឋជប៉ុននោះ ស្ថិតក្រោមការសង្ស័យពីបទធ្វើសកម្មភាពចារកម្ម ដែលបំពានលើច្បាប់ព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ប្រឆាំងចារកម្មរបស់ចិន។ លោកស្រី ម៉ាវ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចិនជាប្រទេសមួយដែលមាននីតិរដ្ឋត្រឹមត្រូវ។ ជនបរទេសទាំងអស់នៅក្នុងប្រទេសចិន ត្រូវតែគោរពតាមច្បាប់របស់ចិន ហើយអ្នកដែលប្រព្រឹត្តល្មើស ត្រូវប្រឈមការវិនិច្ឆ័យទោសតាមច្បាប់»។
នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ្ស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បាននិយាយថា ស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន ត្រូវបានជូនដំណឹងក្នុងខែមីនានេះថា បុរសជនជាតិជប៉ុនម្នាក់ដែលមានអាយុខ្ទង់៥០ឆ្នាំ ត្រូវបានឃាត់ខ្លួននៅទីក្រុងប៉េកាំង។ លោក ម៉ាត់ស៊ូណូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណ បទល្មើសដែលបានចោទប្រកាន់ ឬកាលបរិច្ឆេទនៃការចាប់ខ្លួនបុរសម្នាក់នោះឡើយ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានអះអាងថា ក្រោយទទួលបានដំណឹង រដ្ឋាភិបាលជប៉ុនបានខ្នះខ្នែងជាខ្លាំង ក្នុងការទទូចឱ្យមានការដោះលែងជនជាតិជប៉ុនរូបនោះជាបន្ទាន់។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៩ អាជ្ញាធរចិនធ្លាប់បានឃាត់ខ្លួនសាស្រ្តាចារ្យជប៉ុនម្នាក់ ដែលជាប់សង្ស័យពីបទចារកម្ម ប៉ុន្តែមួយខែក្រោយមក ពលរដ្ឋជប៉ុនម្នាក់នោះក៏ត្រូវបានដោះលែង ហើយត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។ ចំណែកកាលពីខែមីនា ឆ្នាំ២០២០ ក្រសួងការបរទេសចិន បានប្រកាសថា អាជ្ញាធរចិនបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលធ្លាប់ធ្វើជាសាស្រ្តាចារ្យសកលវិទ្យានៅជប៉ុន ហើយបើការអះអាងរបស់ទីក្រុងប៉េកាំង បុរសនោះបានឆ្លើយសារភាព ចំពោះការចោទប្រកាន់ពីបទចារកម្ម៕