(ហ្វីឡាដែលហ្វី)៖ ក្រុមន្ត្រីអាមេរិក នៅក្នុងទីក្រុងហ្វីឡាដែលហ្វី (Philadelphia) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយ សារធាតុគីមីចូលទន្លេ Delaware ហើយថាទឹកនឹងមានសុវត្ថិភាពសម្រាប់ផឹក និងការប្រើប្រាស់ យ៉ាងហោចរហូតដល់យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
បើតាមក្រុមមន្ត្រីនៅក្នុងតំបន់ សារធាតុគីមីចំនួនបីប្រទេសផ្សេងគ្នា ដូចជា ប៊ូទីល អាគ្រីឡាត (butyl acrylate) អេទីល អាគ្រីឡាត (ethyl acrylate) និងមេទីល មេតាគ្រីឡាត (methyl methacrylate) ដែលសុទ្ធសឹងតែអាចបង្កផលប៉ះពាល់ដល់សុខភាព ត្រូវបានបញ្ចេញចោល និងហូរចូលទឹកទន្លេកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយរោងចក្រគីមីមួយកន្លែង។ ភ្លាមៗនោះដែរ អាជ្ញាធរបានផ្ញើសារប្រកាសអាសន្នតាមទូរស័ព្ទដៃទៅកាន់ប្រជាជន និងបានផ្ដល់អុសាសន៍ឱ្យពួកគេទិញទឹកសុទ្ធប្រើប្រាស់ជាបណ្ដោះអាសន្ន ប៉ុន្តែ ក្រោយមកអនុសាសន៍ នេះត្រូវបានលុបចេញវិញកាលពីល្ងាចថ្ងៃអាទិត្យ ហើយណាមួយមិនទាន់មានការរកឃើញ សារធាតុទំាងបីខាងលើណាមួយនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ទីក្រុងហ្វីឡាដែលហ្វី នៅឡើយទេ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ទឹករ៉ូប៊ីណេ មានប្រភពពីស្ថានីយផ្គត់ផ្គង់ទឹក Baxter Drinking Water នៅតែអាចផឹក និងប្រើបានដោយសុវត្ថិភាពរហូតដល់ម៉ោង ១១៖៥៩នាទីយប់ ថ្ងៃដើមសប្ដាហ៍នេះ ហើយអាជ្ញាធរនឹងធ្វើបច្ចុប្បន្នភាពបន្ថែមនៅថ្ងៃចន្ទេះ៕